រាជរដ្ឋាភិបាល តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគ ដែលមានស្រាប់នៅកម្ពុជា និងទាក់ទាញការវិនិយោគថ្មី
រដ្ឋធានីហាណូយ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា។
នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ លោក ជិន កុងខា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាម្ព័ន្ធនានា ជាអាទិ៍ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឧស្សាហកម្មកៅស៊ូ ផងដែរ ។ លើសពីនេះ លោក ជិន កុងខា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន VRG និងបានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ដែលបានជួយផងដែរដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យនេះ ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចគាំពារនានាដែលចាំបាច់ ពីព្រោះរាជរដ្ឋាភិបាលមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ផងដែរ ។
មួយវិញទៀត សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ ៕