ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស កាច់កម៉ូតូប្រដាប់អាវុធ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ២នាក់

107

 

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់ករម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធខ្លីមួយដើម។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្រ្តខាងលើ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០និង ១០នាទី កម្លាំងជំនាញយើងបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចយើងបណ្តាលឲ្យ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន។

អត្តសញ្ញាណជនសង្ស័យ ១.ឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង ។

វត្ថុតាងចាប់យករួមមាន៖ ១.អាវុធម៉ាក LLama Max-II ១ដើម , ២.ម៉ូតូម៉ាក Click ពណ៌ស ១គ្រឿង ផ្លាកលេខ ព្រៃវែង 1X-4127 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ៣.ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JX-9143 (ម៉ូតជនរងគ្រោះ) , ៤.ដែកអក្សរតេ ចំនួន ០១
៥.ដែកសំប៉ែតកាច់ករម៉ូតូ ចំនួន ០៤ , ៦.កូនសោមួយចំនួន , ៧.ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក។

បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧ ព្រឹក ពួកខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ។ រហូតដល់វេលាម៉ោងប្រហែល ១៦និង៣០នាទី ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូងបានឃើញម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាង ហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់ករបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ។

ពេលលក់បានហើយពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ២០ ពេលមកដល់ម្ដុំសួនច្បារវត្តបទុមក៏បានឃើញម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់ រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ។

ពេលកំពុងធ្វើសកម្មភាពកាច់ករបានសម្រេចហើយបំរុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ច ទៅដល់ហើយពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ ចំពោះអាវុធខ្លីគឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់កម៉ូតូជាមួយគ្នា ហើយឈ្មោះ ពៅ នេះគឺត្រូវបានប៉ូលីសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ។

ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់នៅខេត្តតាកែវ។
បច្ចុបប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង