ឯកឧត្ដម លី ធុជ ធ្វើបទបង្ហាញជូនម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
ភ្នំពេញ៖ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានធ្វើបទបង្ហាញជូនប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សកម្មភាពមីន ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។ ពិធីធ្វើបទបង្ហាញនេះបានប្រព្រឹត្ដទៅនារសៀលថ្ងៃអង្គារ១៥រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ឯកឧត្តម លី ធុជ បានប្រាប់ម្ចាស់ជំនួយថា ការជ្រើសតាំងកម្ពុជាជាប្រធាន នៃអនុសញ្ញា គឺជាការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ក៏ដូចជាសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាច្រើន។ ភាពជាប្រធានរបស់កម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមណែកជំរុញឱ្យពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាមដោយសារមីន។ ជាងនេះទៅទៀត វឌ្ឍនភាពនេះ ក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងសកម្មភាពមីនរបស់កម្ពុជា ផងដែរ។
ឯកឧត្តម លី ធុជ បានបន្ដថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ស្ថិតក្នុងតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងសិទ្ធិក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានប្រទេសប្រមាណជា ២០០ និងអ្នកចូលរួមប្រហែល ៧០០ នាក់មកពីជុំវិញពិភពលោក។
ឯកឧត្តម បានបន្តទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ អាជ្ញាធរមីន កំពុងបង្កើតគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការយ៉ាងសកម្ម ដើម្បីរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលគ្រប់ផ្នែកទាំងអស់នៃព្រឹត្តិការណ៍នេះ។ ការធ្វើផែនការយ៉ាងម៉ត់ចត់នេះ ត្រូវគិតចាប់ពីផ្នែកដឹកជញ្ជូន រដ្ឋបាល សន្តិសុខ សុខភាព បដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានបំពេញតាមតម្រូវការចាំបាច់។
ក្នុងនាមជាប្រធាន កម្ពុជា មានទំនួលខុសត្រូវសំខាន់ៗ ដោយធ្វើជាអធិបតីកិច្ចប្រជុំទៀងទាត់នៃគណៈកម្មាធិការចំនួនប្រាំ និងក្រុមសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញា ប្រកបដោយភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់។ កិច្ចសហប្រតិបត្តិការជាមួយសមាជិកមកពីប្រទេសចម្រុះ គឺមានសារៈសំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចអនុសញ្ញា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានរបស់ប្រទេសអាឡឺម៉ង់ អតីតប្រធានអនុសញ្ញាឆ្នាំ២០២៣។
កម្ពុជា បានគូសបញ្ជាក់ពីការងារអាទិភាពសំខាន់ៗចំនួនបី រួមមាន ទី១.សកលភាវូបនីយកម្មនៃអនុសញ្ញា ទី២.ការអនុវត្តមាត្រា៥នៃអនុសញ្ញា (ការបោសសម្អាតមីន) និងទី៣.កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។
ឯកឧត្តមបានបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងមានការត្រួតពិនិត្យផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ កែលម្អផែនការយុទ្ធសាស្រ្ត និងការបង្កើតសេចក្តីថ្លែងការណ៍កម្រិតខ្ពស់សៀមរាប-អង្គរ និងផែនការសកម្ម ភាពសៀមរាប-អង្គរ ៥ ឆ្នាំ ដែលឯកសារទាំងនេះនឹងណែនាំឱ្យរដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ តទៅមុខទៀត សម្រាប់ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
ដើម្បីភាពជោគជ័យក្នុង នាមជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤ នៃអនុសញ្ញា ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមានការចូលរួមគាំទ្រប្រកប ដោយសប្បុរស និងស្មោះស្ម័គ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាមិត្តល្អរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ជំរុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរយូរអង្វែងនៅលើឆាកសកលក្នុងចក្ខុវិស័យរួម ៕ ដោយ សំរិត