ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាមណេរ ផន ចាន់រះ បង្ហោះរូបបង្អួតកាច់រាង បញ្ចេញសកម្មភាពមិនសមរម្យក្នុងភេទជាបុព្វជិត ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ត្រូវមន្ទីរធម្មការ និងសាសនា ធ្វើកិច្ចសន្យា

130

បន្ទាយមានជ័យ ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានចុះទៅធ្វើការណែនាំដល់តេជគុណ សាមណេរ ឈ្មោះ ផន ចាន់រះ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់តាមបណ្តាញសង្គម ដោយមានការរិះគន់អំពីសំណាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទ មហាជន។

សាមណេរ ផន ចាន់រះ បានយល់ព្រមធ្វើកិច្ចសន្យា ឈប់បង្ហោះ និងប្រើប្រាស់រូបភាពផ្សេងៗ មិនសមរម្យនៅលើបណ្តាញវិទ្យាសង្គមតទៅទៀត។

អ្នកលេងបណ្តាញសង្គមជាច្រើនបានទទួលជ្រាបរឿងដែលហួសចិត្តរួចហើយ ពីសាមណេរមួយអង្គ ដែលតែងថតរូប និងក៏ដូចវីដេអូបង្ហាញអាកប្បកិរិយាបែបជាមនុស្សស្រី និងសកម្មភាពមិនសមរម្យផ្សេងៗទៀតក្នុងភេទជាបុព្វជិត នៅលើបណ្តាញសង្គមជាពិសេស TikTok ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងខ្លាំង។ តែយ៉ាងណាមិញ ក្រោយពីត្រូវបានមហាជនផ្ទុះការរិះគន់ និងក៏ដូចស្នើឲ្យមានវិធានការ ថ្មីៗនេះ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ទីតាំងផ្ទាល់ហើយ។

នេះបើយោងតាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុក «មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ» ដែលបានធ្វើការចុះផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នារសៀលម៉ោងប្រមាណ២និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរធម្មការ និងសាសនាខេត្ត បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បានចុះទៅធ្វើការណែនាំ ដល់សាមណេរ ផន ចាន់រះ ពាក់ព័ន្ធករណីប្រើប្រាស់បណ្ដាញសង្គម TikTok និង Facebook ដែលមានសណ្ឋានរូបភាពខុសប្រក្រតីក្នុងភេទជាព្រះសង្ឃ បួសក្នុងព្រះពុទ្ធសាសនា ដែលធ្វើឲ្យមានការរិះគន់អំពីសំណាក់ព្រះសង្ឃ និងមហាជនជាពុទ្ធបរិស័ទ។

មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា សាមណេរអង្គនេះ មានព្រះនាមថា ផន ចាន់រះ ព្រះជន្ម១៥ព្រះវង្សា បួសបាន៥វង្សា បច្ចុប្បន្នមិនមានវត្តគង់នៅជាអចិន្ត្រៃយ៍ឡើយ ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិស្ពានក្មេង ឃុំភ្នំជី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខមន្រ្តីសង្ឃស្រុកនិងខេត្ត សាមណេរអង្គនេះ ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសារភាពថា ខ្លួនពិតជាបានថតរូបភាព និងប្រើអត្តចរិតមិនសមរម្យជាភេទអ្នកបួសពិតប្រាកមែន និងក៏សុំធ្វើការកែប្រែអត្តចរិត និងក៏ដូចជាអាកប្បកិរិយាទាំងនេះឡើងវិញផងដែរ ក្នុងនាមជាអ្នកបួសក្នុងព្រះពុទ្ធសាសនា។

ទន្ទឹមនឹងនេះ មន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមន្ត្រីសង្ឃសាលាអនុគណ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានឲ្យសាមណេរ ផន ចាន់រះ ត្រូវធ្វើកិច្ចសន្យាចំនួន៥ចំណុចសំខាន់ៗរួមាន៖ ទី១. សុំឲ្យលុបចោលរូបភាពពីបណ្ដាញសង្គម TikTok និង Facebook ចេញទាំងអស់ ទី២. សូមធ្វើការកែប្រែអត្តចរិត និងអាកប្បកិរិយា ឲ្យមានលក្ខណៈសម្បត្តិសមរម្យក្នុងភេទជាបព្វជិត ទី៣. ត្រូវមានទីតាំងកន្លែងគង់នៅឲ្យបានពិតប្រាកដ ដើម្បីបានបន្ដការសិក្សារៀនសូត្រ ទី៤. បញ្ឈប់ការថតបង្ហោះរូបភាពផ្សេងៗ ដែលមានលក្ខណៈជាមនុស្សភេទទី៣ ធ្វើឲ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងទី៥. ត្រូវគោរច្បាប់ព្រះវិន័យព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលជាប់ទាក់ទង