មុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម ៤នាក់ ត្រូវកម្លាំងនគរបាលខេត្តឧត្តរមានជ័យស្រាវជ្រាវចាប់ឃាត់ខ្លួនបាន
ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យចំនួន៤នាក់ ដែល៣នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម និងម្នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តូច សុភក្តី ព្រះរាជអាជ្ញា នៃតំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការស្រាវជ្រាវបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់) ដែលធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខឧត្តរមានជ័យ1S-0357 របស់ជនរងគ្រោះឈ្មោះ ឆាយ សៀន អាយុ៦៤ឆ្នាំ មានទីលំនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ដែលចតទុកនៅក្នុងផ្ទះដោយពុំដកកូនសោចេញ ហើយជិះគេចខ្លួនទៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកអធិការក្រុង បានថ្លែងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣៖០០នាទី ពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខឧត្តរមានជ័យ1S-2579 នៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ហើយបានជិះគេចខ្លួនយកទៅលក់ឲ្យឈ្មោះ ហេង ផាត អាយុ៤៤ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង បានលុយចំនួន៤០ម៉ឺនរៀល និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់។
លុះស្អែកឡើងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០៖០០នាទី ពួកខ្លួនទាំង៣នាក់ បាននាំគ្នាទៅធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខឧត្តរមានជ័យ 1S-0357 នៅចំណុចភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ហើយនាំគ្នាជិះគេចខ្លួនទៅស្រុកត្រពាំងប្រាសាទ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ពួកខ្លួន យកទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការសួរនាំ។
ក្រោយសួរនាំជនសង្ស័យទាំង៣នាក់រួច នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ ដឹកនាំដោយលោក វរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះប្រតិបត្តិការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង ផាត អាយុ៤៤ឆ្នាំ (ជាអ្នកទទួលទិញម៉ូតូ) និងចាប់យកវត្ថុតាងមាន ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានផ្លាកលេខ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕