ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ និងឧកញ៉ា គិត ម៉េង ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដែលពុំទាន់អាចដោះស្រាយបាន

172


ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានជួបប្រជុំមួយរវាងក្រុមហ៊ុន សហគ្រាស សមាគមផ្នែកធុរកិច្ចនានា ក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកនូវវឌ្ឍនភាពថ្មីនៃច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងរកដោះស្រាយនូវលើបញ្ហាប្រញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងពន្ធដារ ដែលពុំទាន់អាចដោះស្រាយបាននៅកម្រិត ក្រុមការងារបច្ចេកទេសនៃយន្តការនេះ។

កិច្ចប្រជុំនេះរៀបចំឡើង ក្រោមការចូលរួមពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សហប្រធានយន្តការ នៃភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ព្រមទាំងផ្នែកឯកជន និងមន្រ្ដីពន្ធដារជាច្រើនរូបទៀត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះនៅអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រ កៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទឆ្នាំ២០១៧នេះ សម្រេចបាន១១៥,២ភាគរយ នៃផែនការច្បាប់។ ហើយបើគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ និងអាករសរុប (តាមប្រព័ន្ធអនឡាញ) បាន៩៧,៤៤ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។

លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា វឌ្ឍនភាពថ្មីៗបន្ថែមពាក់ព័ន្ធ នឹងពន្ធដារ ជាគោលដៅនៃការអនុវត្តសម្រាប់ឆ្នាំ២០១៩ ដែលក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ កំពុងសិក្សារៀបចំកែសម្រួលតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ-សិទ្ធិកាន់កាប់អចលទ្រព្យ ការកែលម្អរនូវអាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករបំភ្លឺសាធារណៈ និងវិសោធនកម្មលើមាត្រាមួយចំនួនដែលចាំបាច់ សម្រាប់អនុវត្តការប្រមូលចំណូលពន្ធ។

កិច្ចប្រជុំថ្ងៃនេះ បានពិភាក្សាសម្រេចបានលទ្ធផលសំខាន់ៗរួមមាន៖ ១៖ ការពិភាក្សា និងផ្តល់ជាដំណោះស្រាយ លើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារចំនួន១១ បន្ថែម ពីលើបញ្ហាប្រឈមនានា ដែល​ត្រូវបានដោះស្រាយនៅកម្រិត នៃយន្តការនៃភាពជាដៃគូនេះ ដោយឡែកបញ្ហានៅសេសសល់ នឹងបន្តដោះស្រាយ ក្នុងស្មារតីសហការគ្នាទៅវិញទៅមក ២៖ ភាគីទាំងពីរ ទាំងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា នឹងស្នើសម្រួលសមាសភាពនៃ យន្តការនៃភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ៣៖ បន្តពង្រឹង និងជំរុញឱ្យយន្តការនេះ កាន់តែសកម្ម ក្នុងន័យដោះស្រាយនូវបញ្ហា និងសំណូមពរនានា ក្នុងគោល​បំណង​​លើកកម្ពស់កាតព្វកិច្ចវប្បធម៌សារពើពន្ធ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការលើកកម្ពស់ការយល់​ដឹង​អំពីច្បាប់និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារ និងការបង្កើននូវអនុលោមភាពពន្ធដោយស្ម័គ្រចិត្ត ក្នុងន័យជំរុញឱ្យការគ្រប់គ្រង ប្រមូលចំណូលពន្ធ កាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍប្រទេស។

អត្ថបទដែលជាប់ទាក់ទង