ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែតុលា បើកបន្ទប់ស្តាប់ចម្លើយអ្នករងការប្តឹងចំនួន៧លើក ប៉ុន្តែគ្មានការឃាត់ខ្លួន

84


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ពីសកម្មការងាររបស់អង្គភាព ក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា បានទទួលពាក្យប្តឹងចំនួន២៩ពាក្យ ។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន១៩លិខិត បានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន១៥ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់ មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ បានទទួលការបំភ្លឺមកវិញចំនួន១៤លិខិត និងបានបើកបន្ទប់ស្តាប់ចម្លើយចំនួន៧លើក។ ប៉ុន្តែទោះយ៉ាងណា ក្នុងរបាយការណ៍ មិនបានបញ្ជាក់ពីការឃាត់ខ្លួន ជនសង្ស័យដែលរងការចោទប្រកាន់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីកិច្ចប្រជុំលើកទី៤០ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងខែតុលានេះ អង្គភាព ទទួលបានការប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន១៤៦នាក់ ដែលក្នុងនោះ ទើបទទួលបានការតែងតាំងថ្មីមានចំនួន៩៩នាក់ និងមន្រ្តីដែលចប់អាណត្តិ បញ្ឈប់ពីមុខតំណែងនិងចូលនិវត្តន៍ចំនួន៣៩នាក់។
ជាមួយកិច្ចប្រជុំនេះ លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយចាត់វិធានការមុតស្រួចបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ មានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្ការ ទប់ស្កាត់ និងបោសសម្អាត ដើម្បីពង្រឹងអភិបាលកិច្ចល្អ។

អត្ថបទដែលជាប់ទាក់ទង