ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៌ បានណែនាំ​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឹង​ម៉ាត់​តាម​ច្បាប់ ករណី​អ្នក​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​ប់

28

 

ភ្នំពេញ ៖ ករណី​អ្នក​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​ប់នោះ ត្រូវបានឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ និងស្វែងរកជនបង្កដែលបើករថយន្ដបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»។

បើតាមការចេញផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៩ខែធ្នូនេះ ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត”។

សូមរំលឹកថា បុរសម្នាក់ផ្លោងបោកក្បាលនិងបង្គោលស្លាកសញ្ញា បែកខួរស្លាប់យ៉ាងអាណោចអាធ័ម ពេលជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបម៉ាកJeep បើកដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកពេញទំហឹងអូសម៉ូតូចូលក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រ រួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សៀងគីមហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ជិះម្នាក់ឯងធ្វើដំណើរតាមមកដល់ផ្លូវ៥៦៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ពេលជិះមកដល់ចំណុចកើតហេតុខាងលើ បានជិះឆ្លងផ្លូវបំបែកជាបួន ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រពេលមានរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលបើកមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យប្លោងបុរសរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាល ទៅហ្នឹងបង្គោលស្លាកសញ្ញាបែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូវិញជាប់នៅខាងក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ហើយភ្លាមនោះដែរ ក៏មានរថយន្តមួយគ្រឿងទៀត មកដឹកយកអ្នកបើករថយន្តបង្កគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កនិងម៉ូតូ ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង