ក្រសួងមហាផ្ទៃ ចាត់ថ្នាក់ដឹកនាំក្រសួង និងមន្ដ្រី ចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ក្រោយពេលអតីតអភិបាលក្រុងប៉ោយប៉ែត បាននិយាយរិះគន់ប៉ះពាល់លោក អ៊ុំ រាត្រី មកនោះ , ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការ ចំនួន១០រូប ដើម្បីចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ក្នុងលិខិតបង្គាប់ការដែលចុះហត្ថលេខាដោយ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋារដ្ឋបាល ហើយបំពេញការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
អតីតអភិបាលក្រុងប៉ោយប៉ែតលោក សាន ស៊ានហូ នាថ្ងៃទី១៩ ធ្នូ បានចេញសារសុំទោស ក្រោយបាននិយាយប៉ះពាល់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។
បើតាមសារសុំទោសនោះ លោក សាន ស៊ានហូ បាននិយាយថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានប្រព្រឹត្តអំពើខុសឆ្គង ដែលធ្វើអោយប៉ះពាល់ដល់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។
លោក សាន ស៊ានហូ មានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គង ថែមទាំងបានសុំការទោសពីសម្តេច ហ៊ុន សែន។ បន្ថែមពីនេះលោក សាន ស៊ានហូ បានសន្យាលុបចោលនូវសារសំលេង វិដេអូទាំងអស់ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា ថ្មីៗនេះ លោក សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បន្ទាយមានជ័យ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានរិះគន់វាយប្រហារលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានចោទប្រកាន់ពីការជ្រៀតជ្រែកកិច្ចការថ្នាក់ក្រោម និងបង្គាប់បញ្ជាតាមអំពើចិត្តដោយអាងខ្លួនជាថ្នាក់ដឹកនាំដោយមិនផ្តល់ការគោរពដល់មន្រ្តីមូលដ្ឋាន៕