ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ចំពោះការអន្តរាគមន៍គ្រប់កម្រិត ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា មានជាអាទិ៍ បទល្មើសចរាចរណ៍

67

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យវាយខ្នោះចំពោះបទល្មេីសជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់សុំការអន្តរាគមន៍នោះទេ ពីព្រោះនគរបាលចរាចរណ៍មានខ្នងជានាយករដ្ឋមន្ត្រី។

សម្តេចធិបតីបញ្ជាក់ថា បេីបទល្មើសជាក់ស្តែង តេីត្រូវនៅសុំគោលការណ៍អីទៀត ប្រសិនបេីនគរបាលចរាចរណ៍អនុវត្តត្រូវ តាមច្បាប់ ហេីយត្រូវគេដកបញ្ឈរជេីង នោះសម្តេចធិបតីនឹងតម្លេីងសក្តិអោយ ចំពោះមេដែលធ្វើខុស នឹងរងទោសអនុវត្តតាមច្បាប់។

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលអ្នកបើកបរមានការធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ហើយមិនបាច់សុំគោលការណ៍នោះទេ។

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកាលថ្មីៗមានករណី យុវជនម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបើករថយន្ដ Jeep បុកបុរសម្នាក់ដែលកំពុងជិះម៉ូតូស្លាប់នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបានរត់គេចខ្លួនមិនទទួលខុសត្រូវ។

សម្តេចធិបតី បានបញ្ជាក់ថា «កន្លងទៅ រឿងបុកមនុស្សស្អីៗហ្នឹង នៅចាំបាច់សុំគោលការណ៍ ខ្ញុំសូមចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្តែង ឧទាហរណ៍ បើកឡានបុកគេស្លាប់ មិនបាច់ចេញគោលការណ៍ទេ ចាប់តែម្តង ឃាត់ខ្លួនតែម្តង ហើយបើគាត់តវា វ៉ៃខ្នោះតែម្តងទៅ ហើយកូនប៉ូលិសធ្វើចុះមិនបាច់សុំទៅស្នងការអីទេ ចាប់ចុះ !»។

សម្តេចក៏បានលើកឧទាហរណ៍អំពីករណីរថយន្តមួយទៀត ដែលថយក្រោយបុកទាំងប៉ូលិស ហើយបែរជាធ្វើមិនដឹងទៅវិញ។

សម្តេចធិបតី បានប្រកាសធ្វើជាខ្នងបង្អែកសម្រាប់សមត្ថកិច្ច ដែលហ៊ានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ចំពោះអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែងបង្កគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានបញ្ជាក់ថា ចាប់ទៅ គ្មានខ្នងណាទេ ឥឡូវក្នុងរដ្ឋបាលណា ខ្ញុំប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬមួយអាវុធហត្ថដែលជាមន្រ្តីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្តែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់ អនុវត្តចុះហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្រ្តី។

សម្តេចធិបតី ក៏បានធានាចំពោះអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវចំពោះបទល្មើសជាក់ស្តែង ក្នុងករណីដែលអនុវត្តច្បាប់ហើយ បែរជាត្រូវបានមេរបស់ខ្លួនដកបញ្ឈរជើង សូមផ្តល់ដំណឹងនេះមកសម្តេច សម្តេចនឹងដំឡើងស័ក្តិជូន ហើយនឹងចាត់វិធានការលើប្រធានអង្គភាព ដែលដាក់ទណ្ឌកម្មលើអ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ។

សម្តេចបានបញ្ជាក់ថា បើមានភស្តុតាងផឹកស្រវឹងបុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង និងសាក្សី នៅហ្នឹងហើយ ហើយបើនរណាសួរថា ម៉េចបានហ៊ានចាប់គេ គេខ្នងប៉ុណ្ណា សូមប៉ូលិសប្រាប់ទៅថា ខ្នងខ្ញុំគឺនាយករដ្ឋមន្រ្តី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។ លើសពីនេះផងដែរ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់នៃបរិស្ថានសង្គម, សម្តេចនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាមួយចំនួនបន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួនដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ព្រមទាំងទប់ស្កាត់ឱ្យបាននូវការយកសាសនាទៅធ្វើជាមធ្យោបាយសម្រាប់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមណាមួយ ។ (២) អនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ចំពោះការអន្តរាគមន៍គ្រប់កម្រិត ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា មានជាអាទិ៍ បទល្មើសចរាចរណ៍ជាដើម ។ (៣) ហាមឃាត់ដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀនក្នុងជួរកងម្លាំងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានតឹងរ៉ឹងចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយត្រូវប្រឈមចំពោះមុខច្បាប់ និងការបណ្តេញចេញពីក្របខ័ណ្ឌការងារ ៕

អត្ថបទដែលជាប់ទាក់ទង