កម្ពុជាដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដើម្បីសម្រាប់ការទូទាត់ពាណិជ្ជកម្ម រវាងចិននិងកម្ពុជា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ជុំវិញការដាក់ឲ្យមានការទូទាត់ប្រាក់យ៉ន់ របស់ប្រទេសចិន ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្ដាល ធនាគារជាតិនៃកម្ពុជា។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើង ដើម្បីពន្យល់ពីដំណើការ នៃការចរាចណ៍ប្រាក់យ៉ន់ ទៅលើការបញ្ញើ កម្ចី និងទូទាត់ ក្នុងប្រព័ន្ធធនាគារ។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើង បន្ទាប់ពីការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់សាធារណជន ចំពោះការដាក់ឲ្យចរាចរណ៍ ប្រាក់យ៉ន់របស់ចិននៅកម្ពុជា។
លោកស្រី ជា សិរី ជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់ប្រាក់យ៉ន់របស់ប្រទេសចិន ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា គឺគ្រាន់តែជាការជំរុញឲ្យការទូទាត់ទៅវិញទៅមក ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនប៉ុណ្ណោះ មិនមែនជាការជំរុញឲ្យយកលុយយ៉ន់របស់ចិន មកចរាចរក្នុងប្រទេសកម្ពុជា ដូចប្រាក់ដុល្លារនោះឡើយ។
លោកស្រីអគ្គនាយកបច្ចេកទេស បានបញ្ជាក់ថា ធនាគារជាតិមិនលើកទឹកចិត្ត ឲ្យមានការប្រើប្រាស់ប្រាក់របស់ប្រទេសដទៃ សូម្បីតែប្រាក់ដុល្លារ ក្នុងប្រទេសកម្ពុជាឡើយ គឺធនាគារជាតិ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ ការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់របស់ធនាគារជាតិ គឺជាការជំរុញសម្រាប់ការទូទាត់ពាណិជ្ជកម្ម។ សូមកុំយល់ច្រឡំថា វាជាការដាក់ចរាចរលុយយ៉ន់ ចាយវាយនៅកម្ពុជា ដូចចរាចរលុយដុល្លារ នេះមិនមែន ជាទិសដៅរបស់ធនាគារជាតិឡើយ។ ទិសដៅរបស់ធនាគារជាតិ គឺការជំរុញការចាយវាយលុយរៀលរបស់ជាតិ។
ការប្រើប្រាស់លុយយ៉ន់ចិនក្នុងប្រព័ន្ធធនាគារ សម្រាប់ទូទាត់ពាណិជ្ជកម្មនេះ ក៏បានជួយជំរុញដល់ប្រាក់រៀលផងដែរ។ ពីមុនការទូទាត់ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវប្រើប្រាស់ប្រាក់ដុល្លារ ដែលធ្វើឲ្យពួកគាត់ប្រឈមហានិភ័យ នៃអត្រាការប្រាក់។
តាមរយៈនេះវិនិយោគិនពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់តាមប្រព័ន្ធធនាគារបានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន។
បើតាមក្រសួងពាណិជ្ជកម្ម ទំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់៤,៨ប៊ីលានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន៨៣០លានដុល្លារ និងការនាំចូលមកកម្ពុជាមានចំនួន៣,៩ប៊ីលានដុល្លារ។ គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ១៧ប៊ីលានដុល្លារអាមេរិក ជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេបំផុត។
ក្នុងសន្និសីទសារព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលានេះ មានភាពរិតត្បឹតនិងហាមឃាត់ ចំពោះការថតរូប និងថតវីដេអូ ។
សូមបញ្ជាក់ថា លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីបើកវេទិកាស្តីពី រូបិយប័ណ្ណយ៉ន់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ ធនាគារចិនសាខាភ្នំពេញ (BOC) នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ រាជធានីភ្នំពេញ។ វេទិកានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យ៉ន់ នៅក្នុងតំបន់អាស៊ាន និងកម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យ៉ន់ ចំពោះសេដ្ឋកិច្ច។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងកើនឡើង ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រវាងប្រទេសចិននិងកម្ពុជា លោក ទេសាភិបាលរង បានបង្ហាញការគាំទ្រ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រើប្រាស់ប្រាក់យ៉ន់ តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់តែមានប្រសិទ្ធភាព។ លោក បានគូសបញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់ គឺ ធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀត ធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់ បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន៕