ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលនីតិកាលទី៧ អភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល

45

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុង ស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល សម្រាប់បម្រើការនាំចេញ និងការអនុវត្ត ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

ជាក់ស្តែងក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៃថ្នាល បច្ចេកវិទ្យាព័ត៌មាន CamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករ និង ធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។ លើសពីនេះទៀត ក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើគេហទំព័រ របស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួលដល់សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។ ក្រសួងក៏បានផ្តោតអាទិភាពលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការតាក់តែងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្មពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោង Go4eCAM ដើម្បីបង្កើតផ្សារខេមបូឌាត្រដ (CambodiaTrade) ជួយសហគ្រាសធុនតូចនិងមធ្យមបង្កើនឱកាសសេដ្ឋកិច្ច។ ជាពិសេសថ្មីៗនេះ ក្រសួងបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាតាមបណ្ដ ប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក – electronic World Trade Platform (eWTP)”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជ ដែលសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាជាមួយប្រទេសដៃគូ ជាពិសេសពាណិជ្ជកម្មសេរី ដែលជាការបើកច្រកទីផ្សារបន្ថែមសម្រាប់ផលិតផលរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត់ទាន់បានទីផ្សារជារឿងមួយ តែបើបានហើយបែរជាធ្វើឱ្យបាត់បង់ទៅវិញ ជារឿងគ្រោះថ្នាក់ណាស់។ ជាពិសេសការបាត់ដោយសារអ្នកលក់ ធ្វើឱ្យអ្នកទិញបាត់បង់ជំនឿចិត្ត។ទីផ្សារថ្មីត្រូវតែរក ហើយទីផ្សារចាស់ត្រូវរក្សាឱ្យបាន។ ត្រូវរួមគ្នាធ្វើពិពិធកម្មទីផ្សារ។ ពងមាន់កុំដាក់ក្នុងកន្ត្រកតែមួយ ត្រូវដាក់ឱ្យបានច្រើនកន្ត្រក។ ចៀសវាងបែក ឬខូចមួយកន្ត្រក សល់មួយកន្ត្រកទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា ដើម្បីបើកទីផ្សារកម្ពុជា ត្រូវប្រើយុទ្ធសាស្ត្រដើរទៅគោះទ្វារ មិនអាចប្រគល់តែឯកសារឱ្យគេមើលទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានរូបមន្តពីរសម្រាប់ទីផ្សារផលិតផល។ ទី១ មានផលិតផលហើយ ទៅរកទីផ្សារ និងទី២ កំណត់ទីផ្សារហើយ ទើបផលិតផលិតផលជាក្រោយ៕

អត្ថបទដែលជាប់ទាក់ទង