ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី បានផ្តល់អនុសាសន៍មួយចំនួន ជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម

181

 

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមបំពេញភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធិផលលើការងារចម្បងៗ ដូចជា៖ ការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម, ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ, ការកសាងធនធានមនុស្ស, ការកែលម្អការផ្តល់សេវាសាធារណៈ, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការកសាងលិខិតបទដ្ឋានច្បាប់ពាណិជ្ជកម្ម, ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល, និងការលើកកម្ពស់សុខុមាលភាពជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ។

លើសពីនេះ ក្រសួងក៏សម្រេចបាននូវការចរចា និងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗ ចំនួនបួន គឺ (១)កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន, (២)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (៣)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង (៤)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម(CEPA) ដែលនេះគឺជាបង្គោលចរថ្មីដើម្បីពង្រីកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា ។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតី បានផ្តល់អនុសាសន៍មួយចំនួន ជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម រួមមាន៖ ទី១. បន្តពង្រីកការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល គ្រប់លំដាប់ថ្នាក់ជាប់ជាប្រចាំ និងការពិនិត្យលទ្ធភាពក្នុងការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល តាមអង្គភាពនានាក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដើម្បីបង្កបរិយាកាសអំណោយផលដល់សកម្មភាពពាណិជ្ជកម្មនានា តាមរយៈការសម្រួលនីតិវិធីរដ្ឋបាល និងបន្តការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (Cambodia Data Exchange ឬហៅកាត់ថា CamDX) និងត្រូវចូលរួមដោយសកម្មក្នុងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window) ផងដែរ ។​

ទី២. ត្រូវជំរុញ និងពង្រឹងកម្មវិធីបង្កើនជំនាញ ពង្រីកការបណ្តុះបណ្តាលជំនាញ និងកម្មវិធីរៀបចំជំនាញឡើងវិញ ដើម្បីជួយដល់សហគ្រាសកម្ពុជាសមត្ថភាពអាចការប្រកួតប្រជែងចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ។ ទី៣. ត្រូវពង្រឹងការធ្វើអភិបាលកិច្ច និងអភិវឌ្ឍវិស័យឯកជន តាមរយៈការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ហើយត្រូវបង្កើនការគ្រប់គ្រងការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈពង្រឹងការអនុវត្ត, កែលំអរ និងដាក់ចេញបន្ថែមទៀតនូវ ច្បាប់និងលិខិតបទដ្ឋាន និងក្រមសីលធម៌ទាក់ទងនឹងអភិបាលកិច្ចក្រុមហ៊ុននិងសហគ្រាសឯកជន, កិច្ចការប្រកួតប្រជែង, ការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីម្ហូបអាហារ ដើម្បីរក្សាសុខភាព, សុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ ។

ទី៤. ក្រសួងពាណិជ្ជកម្មត្រូវសហការពង្រឹងការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងត្រូវជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មតាមរាជធានី-ខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។ ជាមួយនោះដែរក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ក្នុងការបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ត្រ ទំនិញ និងម៉ាកសមូហភាពឱ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជានៅលើទីផ្សារក្នុងស្រុក​ និងក្រៅប្រទេស ។

ទី៥. តាមរយៈយុទ្ធសាស្ត្រ ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្មត្រូវបន្តការចរចាបើកទីផ្សារ និងជម្រុញការនាំចេញ ដោយសហការជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់ និងទ្វេភាគី ព្រមទាំងត្រូវខិតខំពង្រឹងសមត្ថភាពវិស័យឯកជន និងអ្នកនាំចេញកម្ពុជា ឱ្យអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល​។

ទី៦. ក្រសួងពាណិជ្ជកម្មត្រូវពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country-LDC) នេះ ជាពិសេសនៅក្រោមក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខ័ណ្ឌតំបន់ មកលើសេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាអាចនឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ ។ ទន្ទឹមនឹងនេះ ក្រសួងត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងភាពទាក់ទាញសម្រាប់ការ​ចូលមកវិនិយោគនៅកម្ពុជា ហើយក៏ត្រូវសិក្សាផងដែរ អំពីផលប៉ះពាល់ពីការបាត់បង់ភាពអនុគ្រោះ (Preferences Erosion) និងការបាត់បង់ប្រព្រឹត្តិកម្មពិសេស និងអនុគ្រោះដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ។

ទី៧. ក្រសួងពាណិជ្ជកម្មត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការលើកទឹកចិត្ត​ការឱ្យវិស័យធុរកិច្ចបង្កើតថ្នាលបច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និងឆ្លងកាត់ព្រំដែន ដោយត្រូវខិតខំការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មតាមក្របខ័ណ្ឌច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង