តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ កម្ពុជា ចុះកិច្ចព្រម ព្រៀងឥណទានសម្បទា១ប៊ីលានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣
ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រស្ថិតិ បំណុលសាធារណៈ របស់កម្ពុជាត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣ បានឱ្យដឹងថ្ងៃទី២៤ ខែធ្នូ២០២៣នេះថា ៖ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ ប៊ីលានដុល្លារ សមមូលនឹង ៧៦២,៥២ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៥ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លាន អេសដេអ៊ែរ)។
កម្ពុជា បានចុះកិច្ចព្រម ព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ប៊ីលានដុល្លារ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ មានការថយចុះប្រមាណជា ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ប្រភពដដែល បានបន្តថា ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤៥ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥៥ភាគរយៈ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទាន សម្បទានប៊ូសរូបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ ១៧ភាគរយ។ បន្ថែមពីនេះ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣ភាគរយ។
ប្រភពដដែល បានគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។
សូមបញ្ជាក់ថា៖ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ សមមូលនឹង ១៧៣, ០៧ លានអេសដេអ៊ែរ ៕ សំរិត