ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសម្រាកព្យាបាលនិងសម្ភពកំពតសង់តេកំពុងតែដំណើរការយ៉ាងរលូន បើទោះបីគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

100
ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលនិងសម្ភពកំពតសង់តេ ដែលមានទីតាំងស្ថិតនៅ  ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បាននឹងកំពុងដំណើរការយ៉ាងរលូន ដោយមិនមាន​នរណាម្នាក់មករំខានអ្វីឡើយ បើទោះបីគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលអស់រយៈពេលជាងបីខែមកហើយក្តី
   មន្ទីរសម្រាកព្យាបាលនេះគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត បូ ចាន់ដារ៉ា ជាមន្ត្រីបម្រើការនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ដែលមានឪពុកក្មេកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពត រីឯម្ដាយក្មេកក៍ធ្វើជា ប្រធានមន្ទីរសង្គមកិច្ចការងារ ខេត្តកំពត នេះដែរ។ គ្លីនិកព្យាបាលជំងឺទូទៅគ្រប់ប្រភេទនីមួយៗត្រូវមាន គ្រូពេទ្យ ឱសថការី មានផ្នែកគណនេយ្យ មន្ទីរពិសោធន៍ថតឆ្លុះ
គឺរូបភាពវិជ្ជសាស្ត្រ ជាដើម។ល។
  បើតាមប្រភពពីក្រុមតុកាហ្វេអ៊ូកណូក ជាមន្ត្រីបម្រើការនៅក្នុង មន្ទីរសុខាភិបាល ខេត្តកំពត ប្រាប់ឱ្យដឹងថា គ្លីនិករបស់លោក បូ ចាន់ដារ៉ា ដែលមានឈ្មោះថា «មន្ទីរសម្រាកព្យាបាលនិងសម្ភពកំពតសង់តេ»គ្រាន់តែទិញដីសាងសង់គ្លីនិកនិងបំពាក់សម្ភារបរិក្ខាបានចំណាយថវិកាអស់ជាងមួយលានដុល្លារកំពុងតែដំណើរការអត់ច្បាប់ដោយមិនមានសមត្ថកិច្ចជំនាញណាមួយហ៊ានទៅក្បែរឡើយ ព្រោះខ្លាចអំណាចគ្រួសារមួយនេះ។ ដូច្នេះក្រសួងសុខាភិបាលស្ថិតក្រោម
ការគ្រប់គ្រងរបស់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីសូមមេត្តាចុះពិនិត្យមើលករណីនេះផង។
   ប្រភពក៍បានទទូច សុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឱម យិនទៀង សូមចាត់មន្ត្រីឱ្យចុះត្រួតពិនិត្យមើលដំណើរការ មន្ទីរហិរញ្ញវត្ថុ ខេត្តកំពត នេះផង។
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៍ដូចលោក សុខ ប៉ូ អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់អំពីផ្លូវច្បាប់ដូចគ្នាថា គ្លីនិកនេះកំពុងតែដំណើរការខុសច្បាប់ គឺមុននឹងបើកឱ្យដំណើរមន្ទីរពេទ្យនេះឡើង ត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ជាមុនសិន។ បើសិនមន្ទីរសុខាភិបាលភិបាល ខេត្តកំពត ថា អាចដំណើរការមុនបាននោះសូម លោកអនុប្រធានមន្ទីរខេត្ត យកលិខិតបទដ្ឋានឬច្បាប់ណាមួយមក បង្ហាញក្រសួងឱ្យបានដឹងផង។ រាល់សេវាឯកជនទាំងអស់ មុននឹងដំណើរការទៅបានត្រូវតែសុំច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល ជាដាច់ខាត។
លោក កែវ សុផាន់ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តកំពត ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា នេះថា គ្លីនិកខាងលើមិនទាន់មានច្បាប់មែនតែអាចដំណើរការសិនបានដើម្បីឱ្យក្រុមការងារលោកចុះទៅពិនិត្យវាយតម្លៃមើលអំពីលក្ខខណ្ឌច្បាប់ថា តើគ្រប់គ្រាន់ដែរឬទេ ? បើទោះបីជាយ៉ាងណាមន្ទីរសុខាភិបាល ខេត្តកំពត បានទុកឱកាសឱ្យគ្លីនិក«សម្រាកព្យាបាលនិងសម្ភពកំពតសង់តេ»នេះម្តងរួចមកហើយសម្រាប់បំពេញលក្ខខណ្ឌនានាដែលខ្វះខាតក្នុងរយៈមួយខែ។
   អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពត បានឱ្យដឹងទៀតថា ក្រសួងសុខាភិបាលជាអ្នកចេញច្បាប់អនុញ្ញាតជូនសេវាឯកជនស្មុគស្មាញនេះ។ បើសិនជាសេវាឯកជនមិនស្មុគស្មាញគឺវាចូលតាមច្រកចេញចូលតែមួយ ខេត្តកំពត៕
អត្ថបទដែលជាប់ទាក់ទង