ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្ដេជ្ញាចិត្ត ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព និងវិបុលភាព ឱ្យកាន់តែប្រសើរឡើង នៅក្នុងតំបន់

71

 

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ក្រោម មូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន។
កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច
សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ច្រើនក្នុង រយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្ដែង និងអត្ថប្រយោជន៍នៅគ្រប់វិស័យ តាម រយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។
ថ្នាក់ដឹកនាំក៏បានកោតសរសើរផងដែរចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រគម្រោងជាង៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយប្រទេសសមាជិកទាំងប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោង
ដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យ ពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទាំងប្រាំមួយ។

ថ្នាក់ដឹកនាំ បានប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាពក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង ក្នុងខណៈមានការប្រឈមមុខការប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបញ្ហា ប្រឈមដែលមិនធ្លាប់មានពីមុនមក។ ថ្នាក់ដឹកនាំបានអះអាងសាជាថ្មីនូវការសហការដើម្បីដោះស្រាយបញ្ហា ប្រឈមរួមគ្នា និងបានឯកភាពជំរុញការអភិវឌ្ឍខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលផ្តោតលើប្រជាជន ដោយប្រើប្រាស់កាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និង វិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ “ខ្សែក្រវាត់អភិវឌ្ឍន៍ សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹងការអនុម័តឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងការខូចខាតដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅខេត្តកានស៊ូ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជននៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

អត្ថបទដែលជាប់ទាក់ទង