ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាបង្រៀនបើកបររថយន្តធុនធ្ងន់លើកទីមួយហើយ ដែលបានបើកឱ្យដំណើរការជាផ្លូវការ

141


ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងសាលាបង្រៀនបើកបរធុនធ្ងន់មកពីប្រទេសថៃ ក្រុមហ៊ុន ឯកជន អង្គការនានា និងប្រជាពលរដ្ឋជាច្រើនផងដែរ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះគឺជាសាលាបង្រៀនបើកបររថយន្តធុនធ្ងន់លើកទីមួយហើយ ដែលបានបើកឱ្យដំណើរការជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរ ដែលបណ្តាលឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ សាលាបង្រៀនបើកបររថយន្តធុនធំនេះមានលក្ខណៈស្តង់ដារ មានកម្មវិធីសិក្សាច្បាស់លាស់ មានសម្ភារៈបង្រៀនតាមបែបទំនើប មានរថយន្តធុនធ្ងន់សម្រាប់អនុវត្តជាក់ស្ដែង និងមានកម្មវិធីសិក្សា ដែលអាចទាញយកមកប្រើប្រាស់ តាមទូរសព្ទដៃបានផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ ដើម្បីអបអរសាទរចំពោះការបើកដំណើរការដំបូងនៃមជ្ឈមណ្ឌលថ្មីនេះ សាលា នឹងបញ្ចុះតម្លៃចំនួន៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន៥០នាក់ ចំណែកថ្លៃ សិក្សាធម្មតាមានចំនួន ៣៥០ ដុល្លារតែប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានទាក់ទង នឹងផែនការ១០០ថ្ងៃ ក្នុងអាណត្តិទី៦នេះ ក្នុងនោះមាន៖ ការអភិវឌ្ឍកម្មវិធី Road Care App ដែលអាច ទាញយកមកប្រើប្រាស់ បាននៅលើទូរស័ព្ទដៃបាន កម្មវិធីនេះអាចឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុគសំបុកមាន់ ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួង ហើយក្រោយមកក្រុមការងារក្រសួង នឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បីបង្ការកុំឱ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ។

សូមជម្រាបជូនថា៖ កម្មវិធី Road Care Appនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនដំណាច់ ឆ្នាំ២០១៨ខាងមុខ។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ គោរពច្បាប់ចរាចរណ៍ មិនត្រូវពិសារគ្រឿងស្រវឹង បើកបរថយន្តធុនធ្ងន់ត្រូវមានប័ណ្ណបើកបរប្រភេទរថយន្តធុនធ្ងន់ ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបរ ពិសេសមិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបរឡើយ៕

អត្ថបទដែលជាប់ទាក់ទង