ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល

117

 

ខេត្តកែប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ក្នុងរយៈពេល១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយក្នុងនោះមានអត្រាជនរងគ្រោះតែចំនួន ៣០នាក់ (ដោយសារមីន ១៥នាក់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១៥នាក់) ក្នុងនោះជនរងគ្រោះស្លាប់ ០៤នាក់ របួស ១៧នាក់ និង ពិការអវយវៈ ០៩នាក់។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូរអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកអាជ្ញាធរមីន។ សិក្ខាសាលានេះរៀបចំឡើងរយះពេល២ថ្ងៃ ២៧-២៨ ធ្នូ ២០២៣។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា អាជ្ញាធរមីន គឺជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការងារសកម្មភាពមីន ដើម្បីរួមចំណែកដល់កិច្ចគាំពារសន្តិភាព ការអភិវឌ្ឍ និងការផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងរយៈពេល១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ មីនប្រឆាំងមនុស្ស ចំនួន ១ ១៧៦ ៤៦២ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៣២១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ៣ ១០០ ១២៣ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល ប្រជាពលរដ្ឋទទួលផលចំនួន ៤ ៨៦២ ៥៧៥ គ្រួសារ ស្មើនឹង ១២ ៦៦៦ ៦៧៤ នាក់។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបាន ជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយជនរងគ្រោះថ្នាក់ពី ៤៣២០ នាក់ក្នុងឆ្នាំ១៩៩៦ មកក្រោម ១០០នាក់ ក្នុង១ឆ្នាំ។ នេះដោយសារការជំរុញប្រសិទ្ធភាពក្នុងប្រតិបត្តិការបោសសម្អាតមីន និងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ សារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមសាលារៀន សហគមន៍ និងជនគោលដៅ។ នៅឆ្នាំនេះ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះប្រមាណជិត២លាននាក់ទទួលបានសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមានអត្រាជនរងគ្រោះតែចំនួន ៣០នាក់ (ដោយសារមីន ១៥នាក់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១៥នាក់) ក្នុងនោះជនរងគ្រោះស្លាប់ ០៤នាក់ របួស ១៧នាក់ និង ពិការអវយវៈ ០៩នាក់។ តួលេខនេះ មានការថយចុះ ២៥% ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះ ៤០នាក់។

នៅឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជាត្រូវបានរដ្ឋភាគីចំនួន១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលត្រូវធ្វើពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលក្នុងនាមជាប្រធានកម្ពុជាបានដាក់អាទិភាពចំនួន៣ ទី១.ជំរុញសកលភាវូបនីយកម្ម ទី២.ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា(ការបោសសម្អាតមីន) ទី៣.ជួយជនរងគ្រោះដោយសារមីន។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងនូវប្រសាសន៍៣ចំណុចដោយសង្កត់ធ្ងន់ថា ទី១ យើងត្រូវរួបរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបាន ទី២ រួមសាមគ្គីគ្នាធ្វើការឱ្យបានល្អ ទី៣ ប្រតិបត្តិករជាអ្នកដោះមីនដោយផ្ទាល់ប្រៀបបាននិងសមរភូមិមុខ ដោយឡែកអាជ្ញាធរមីន ជាអ្នកសម្របសម្រួលនិងជាអ្នកបង្កើតគោលនយោបាយ៕

 

អត្ថបទដែលជាប់ទាក់ទង