ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ

182

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ គឺនៅទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកសេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានអានរបាយការណ៍ក្នុងអង្គសន្និបាតនេះថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ ឯកឧត្ដមអតិសតិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដ្ឋបាល រាជធានីភ្នំពេញបានបន្តខិតខំយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាពនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗ គួរជាទីមោទៈ ពិសេសក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែលម្អអនាម័យ-បរិស្ថាន ការផ្តល់សេវាសាធារណៈ និង ការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងព្យាយាមបន្ត ប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឱ្យបាន កាន់តែល្អប្រសើរបន្ថែមទៀតលើការងារអាទិភាពសំខាន់ៗ ពិសេសការបំពេញតួនាទីភារកិច្ចក្នុងនាមជា អ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង