ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់ រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់ រាជរដ្ឋាភិបាល ក្នុងនោះ ជើងហោះហើរសរុបមានចំនួន ៨.៧៤០ ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន ១.៥៤៣.២៦៩ នាក់ (មួយលាន ប្រាំសែន បួនម៉ឺន បីពាន់ ពីររយ ហុកសិបប្រាំបួននាក់) កើនឡើង ១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធី “បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
ឯកឧត្តមឃួង ស្រេង អភិបាល បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារ ពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំ (២០១៨- ២០២៣) និងបានបិទបញ្ចប់គម្រោង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងនោះ ទាំងអនុសកម្មភាពទី១ និងអនុសកម្មភាព ទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំង ជាបន្តបន្ទាប់ គម្រោងនេះ ត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូ អភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅ វាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៥៦.៦៧៧ នាក់ និងដោយ ប្រយោលប្រមាណ ២២ ម៉ឺននាក់ ។
ឯកឧត្តមអភិបាលរាជធានី បានមានប្រសាសន៍បន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយរាជធានីភ្នំពេញ សរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូល ថវិការដ្ឋចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក ។
បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ យើងមាន សំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦ គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ ម៉ែត្រការ៉េ ដែលមាន ទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិក បន្ថែមទៀត ។ ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅ អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦.៥៩៣ លានដុល្លាអាមេរិក (ប្រាំមួយពាន់ ប្រាំរយកៅសិប បីលានដុល្លាអាមេរិក) គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការ វិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃការងារនេះយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួលខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើ ប្រធានបទចំនួន ៤ ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿងញៀន។ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាពទី៣៖យន្តការផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោនិងទី៤៖ ការពង្រឹងគុណភាពអប់រំនៅរាជធានីភ្នំពេញ៕