ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចូលចតជាថ្មីរបស់នាវា Westerdam នឹងជួយទាក់ទាញនាវាទេសចរណ៍ មកកាន់កម្ពុជាបន្តទៀត ខណៈកម្ពុជាកំពុងរៀបចំផែនការទាក់ទាញការស្នាក់នៅ របស់ភ្ញៀវតាមផ្លូវសមុទ្រឱ្យបានយូរ

43

(ព្រះសីហនុ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានក្ដីរំពឹងថា តាមរយៈការចូលចតជាលើកទី២របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំបន្តបន្ទាប់ទៀត រួមចំណែកជំរុញដំណើរទេសចរណ៍ផ្លូវសមុទ្រមកដល់កម្ពុជាឱ្យកាន់តែច្រើន។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ក្នុងឱកាសចូលរួមកិច្ចស្វាគមន៍ដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាតាមរយៈនាវាទេសចរណ៍ Westerdam នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam ដដែលនេះ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line (ក្រុមហ៊ុនរបស់នាវា Westerdam) ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះកាលណោះគ្រប់គ្នាកំពុងព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ តែមិនបានគិតពីជីវិតមនុស្សដែលនៅលើនាវាទេសចរណ៍នោះ។

ដូច្នេះហើយទើបនៅថ្ងៃទី២៨ ខែធ្នូនេះ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាងជាង២ពាន់នាក់ ក្រោយចូលចតកាលពី៣ឆ្នាំនោះ ខណៈក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃពីបរិយាកាសរីករាយ រំលេចនូវការញញឹមរួសរាយរាក់ទាក់រវាងប្រតិភូម្ចាស់ផ្ទះកម្ពុជា និងក្រុមភ្ញៀវទេសចរអន្តរជាតិដែលចុះពីលើនាវាទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះអ្នកដំណើរខ្លះដែលធ្លាប់ជួបរឿងរ៉ាវកាលពីឆ្នាំ២០២០អំឡុងពេលកូវីដ១៩នោះ បានរំឭកអនុស្សាវរីយ៍ឡើងវិញ និងបានបង្ហាញពីភាពកក់ក្ដៅ ការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសេចក្ដីសណ្ដោសប្រណីព្រមទទួលជួយពួកគេ កាលពីពេលមានវិបត្តិកូវីដនៅ៣ឆ្នាំមុននោះ។

ឯកឧត្តមរដ្ឋមន្ត្រីមានក្ដីរំពឹងថា «តាមរយៈការចូលចតជាលើកទី២របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត…កម្ពុជាក៏នឹងត្រៀមកិច្ចសម្របសម្រួលជាមួយនាវាទេសចរណ៍ទាំងនោះ ដើម្បីបានចូលមកប្រទេសយើង»

លោកបានបន្ថែមថា យ៉ាងហោចមានភ្ញៀវទេសចរ៥០០នាក់បានធ្វើដំណើរទៅទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ អ្នកខ្លះក៏ទៅដល់ខេត្តកែបទៀតដែរ ហើយនៅពេលទទួលទានអាហារថ្ងៃត្រង់រួច ពួកគាត់នឹងត្រឡប់មកនាវា Westerdam វិញ ដើម្បីត្រៀមចេញដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩យប់នេះតែម្ដង ពោលគឺចូលចតតែ១ថ្ងៃប៉ុណ្ណោះ។

ដោយសារការស្នាក់នៅ និងការទស្សនាកម្សាន្តរបស់ភ្ញៀវអន្តរជាតិដែលមកតាមផ្លូវសមុទ្រមានរយៈពេលខ្លីយ៉ាងដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញអំពីគម្រោងការណ៍រៀបចំផលិតផលទេសចរណ៍ថ្មីៗ ហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍បន្ថែមទៀតនៅខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរួមចំណែកទាក់ទាញការស្នាក់នៅរបស់ភ្ញៀវទេសចរតាមផ្លូវសមុទ្រឱ្យបានយូរជាងនេះ។

អត្ថបទដែលជាប់ទាក់ទង