សម្តេចមហាបវរធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ”
ភ្នំពេញ ៖ ព្រឹកស្អែក ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ” ។
សូមរំលឹកថា វិមានឈ្នះ ឈ្នះ ជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា។ ជាការពិតណាស់ថា ជាច្រើនជំនាន់មកហើយដែលប្រទេសកម្ពុជា តែងតែមានការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះទេ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពប្រជាជនពីភាពក្រីក្រមកជាប្រជាជនដែលមានចំណូលមធ្យមកម្រិតទាប និងឈានដល់កម្រិតខ្ពស់នាពេលខាងមុខ។
សំណង់វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណា ឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ការធានាទាំងនោះរួមមាន៖ -ការធានារូបកាយ និងអាយុជីវិតៈ- សំដៅដល់ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ ខ្លួនរបស់បុគ្គល និងគ្រួសារ ដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាមនិងការប្រយុទ្ធ ហើយវិលត្រឡប់មក រួមរស់ក្នុងចរន្តគោលនៃសង្គមជាតិ។ -ការធានាអាជីព និងមុខរបរៈ- សំដៅដល់ការធានាសុវត្ថិភាព ខាងផ្នែកអាជីព ដោយផ្ដល់ជូនអ្នកទាំងនោះនូវលទ្ធភាព គ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិតដែលពួកគេធ្លាប់មានកន្លងមក។ -ការទទួលស្គាល់កម្មសិទ្ធិទ្រព្យ សម្បត្តិៈ- ទាំងចលនទ្រព្យ និងអចលនទ្រព្យ សំដៅធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធិ ដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ។ គោលការណ៍ធានាទាំងបីបានធ្វើឱ្យមានផលជាវិជ្ជមានគួរជាទីមោទនៈយ៉ាងក្រៃលែង ដោយមានភាគីមួយចំនួននៃរបបកម្ពុជាប្រជាធិបតេយ្យ បានព្រមទទួលយកគោលការណ៍ នេះមកអនុវត្ត។ ជាមួយនេះដំណាក់កាលនៃការអនុវត្តគោលនយោបាយនេះ សម្ដេចតេជោ បានប្រើប្រាស់យុទ្ធសាស្ត្រមួយដ៏សំខាន់បំផុត គឺ DIFID ដែលក្នុងនោះរួមមាន៖ -បំបែក(Divide) សំដៅដល់ការបំបែកកម្លាំងខ្មែរក្រហម និងគូបដិបក្ខជាផ្នែកៗ ជាកង់ៗ ឱ្យដាច់ពីគ្នាលែងទុកចិត្តគ្នា និងបាត់បង់ការឯកភាពនិងការគ្រប់គ្រងដឹកនាំ។ -ធ្វើឱ្យឯកោ (IsoIate) សំដៅដល់ការធ្វើឱ្យកម្លាំងទាំងនោះឯកោ និងបាត់បង់មូលដ្ឋានគាំទ្រទាំងនយោបាយសេដ្ឋកិច្ច និងកម្លាំងប្រជាជន ហើយចុះខ្សោយស្វែងរកបង្អែកថ្មី។ -បញ្ចប់ (Finish) សំដៅដល់ការធ្វើឱ្យកម្លាំងសត្រូវចុះខ្សោយ ការផ្ដល់ជម្រកតាមគោលនយោបាយ ដើម្បីឱ្យកម្លាំងសត្រូវទាំងនោះបញ្ចប់សកម្មភាពប្រយុទ្ធ និងប្រឆាំងតាមយុទ្ធនាការផ្សេងៗ។ – ធ្វើសមាហរណកម្ម (Integrate) សំដៅដល់ការជំរុញគ្រប់មធ្យោបាយឱ្យដល់ការសមាហរណកម្មទៅវិញទៅមក មានន័យថាកម្លាំងរដ្ឋាភិបាលបានចុះផ្ទាល់ដល់មូលដ្ឋាន ដែលធ្លាប់គ្រប់គ្រងដោយខ្មែរក្រហម ហើយបង្កលក្ខណៈធានាសព្វយ៉ាង ដើម្បីឱ្យកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មមកក្នុងកម្លាំងរដ្ឋាភិបាលដោយឥតលក្ខខណ្ឌ។ -អភិវឌ្ឍន៍ (Develop) សំដៅដល់ការអភិវឌ្ឍតំបន់ និងមូលដ្ឋាននានាទាំងមូល ដើម្បីរក្សានូវប្រសិទ្ធភាព គ្រប់គ្រងដឹកនាំបញ្ជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើមបម្រើឱ្យសមាហរណកម្មផ្ទៃក្នុង។ ក្រោយពីនេះកត្តានាំមកនូវជ័យជម្នះមានជាគោលសំខាន់ៗដូចជា៖ ១- កត្តាអ្នកដឹកនាំ, ២-តួនាទីរដ្ឋបាលកណ្ដាល, ៣-ប្រតិបត្តិករ, ៤-ការកសាងជំនឿទុកចិត្ត, ៥-កត្តាមនោគមន៍វិជ្ជា នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ៦-កត្តាការបរទេស និង៧-ការបែកបាក់របស់ខ្មែរក្រហម។
ស្វែងយល់ពីវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ៖
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពនោះ នឹងត្រូវសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះហើយ ចំថ្ងៃគម្រប់ខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ ទី១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ទី៣. តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
នៅជាប់លើវិមាន មានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង។ សិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ ក្រោយតរៀងទៅ។
សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពារ រួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែលច្រកទ្វារទាំង៣នេះ ក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។
ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៉ីស្លាមសាសនា និងគ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនា ដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ហោជាងនៅច្រកទ្វារជ័យនេះកំណត់យករូបសញ្ញារាជរដ្ឋាភិបាល មានព្រះខ័នម្កុដរាជ្យ សញ្ញាឱមតម្កល់លើជើងពានទ្រជាក្បាច់ភ្ញីទេស។
ច្រកទ្វារទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានាបីយ៉ាងរបស់នយោបាយឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើហោជាងទាក់ទងនឹងការធានាបីយ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូបព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។
ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនានៅលើផ្តែរ ស្តីពីវប្បធម៌ និងបេតិកភណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នុងប្រទេសកម្ពុជា ពីអាយុកាលមុនអង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទសំបូរព្រៃគុក, ប្រាសាទកោះកេរ, ប្រាសាទព្រះវិហារ, ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ចម្លាក់លើហោជាង គឺជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីលើព្រះកាល។
នៅលើវិមានប្រសាទមានសាងសង់រូបដំរីក្បាលបីមានស្លាប គ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នា។
– ហង្ស៖ ហង្សជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនជាដើម។
– គ្រុឌ៖ គ្រុឌជាកម្លាំងនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើបគេច្រើនធៀបអ្នកចម្បាំង ទៅនឹងសត្វគ្រុឌ។
– ដំរីក្បាលបីមានស្លាប៖ ដំរីក្បាលបីជាយាន្តជំនិះរបស់ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។ ដំរីក្បាលបីមានឈ្មោះថា Airivata ដែលជាវត្ថុពិសិដ្ឋមួយ កើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្សនិងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។
នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយក៏ជានិមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។
នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែរួមមាន៖
១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។
២៖ តំបន់សមិទ្ធផល៖ ជាឧទ្យានដែលបង្កើតជាសួនកម្សាន្ត តម្រូវបានទៅតាមគ្រប់សាធារណជនគ្រប់វិស័យ និងជាព្រៃទេពនិម្មិត ដែលពិព័រណ៍សម្ភារ និងសមិទ្ធផលរបស់វិស័យយោធាកម្ពុជា។
ព្រៃទេពនិម្មិត គឺជាកន្លែងដាក់បង្ហាញអំពីសមិទ្ធផល និងសម្ភារយោធាកម្ពុជា។ ទីនេះនឹងក្លាយជាកន្លែងសិក្សាស្រាវជ្រាវ សម្រាប់សាធារណជនគ្រប់រូប ដែលមានបំណងចង់សិក្សាឈ្វេងយល់ អំពីវិស័យយោធា ការការពារជាតិ និងការនាំមកនូវសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។
សូមបញ្ជាក់ថា ការកសាងវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» មានគោលបំណងចម្បង ៣យ៉ាងរួមមាន៖
ទី១៖ ជាការរំឮកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ។ នៅក្នុងវិមាននេះមានរំលេចពីអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ ការអនុវត្ត និងដំណើរការនយោបាយឈ្នះ-ឈ្នះ ដោយបង្ហាញការអនុវត្តនេះ ចាប់ផ្តើមនៅទីណា? អ្នកណាខ្លះ? បញ្ហាប្រឈម ពុះពារក្នុងការឆ្លងការ នៅដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ តាមរបៀបណា? តើការបានដាក់ចេញនូវគោលគំនិតនយោបាយឈ្នះ-ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិនស្រមៃ និងកាន់តែមិនមែនជាការជួយជ្រោមជ្រែង ឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯង គឺខុសអំពីក្នុងអំឡុងកាល ដែលមានបេសកកម្មអ៊ុនតាក់កន្លងមក នៅក្នុងកម្ពុជារបស់យើង។
ទី២៖ ក្រៅពីការសម្តែងនូវភាពកតញ្ញូ ការដឹងគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត គឺជាការរៀបចំទីតាំងដែលបង្ហាញ នូវសមិទ្ធផលទទួលបានដោយសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជាយើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង និងបានទទួលសន្តិភាព។ ន័យនេះ ចង់បញ្ជាក់ថា សមិទ្ធផល និងការអភិវឌ្ឍទាំងអស់ បានមកពីណា? ចេញមកពីនរណាឱ្យពិតប្រាកដ? លទ្ធផលដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង មិនអាចនរណាម្នាក់មិនទទួលស្គាល់ ឬបំភ្លៃជាដាច់ខាតនូវសច្ចភាពនៃការវិវឌ្ឍបែបនេះ ដូច្នេះក៏មានន័យអំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជា ក្នុងដំណាក់កាលនេះ និងជាដំណាក់កាល ដែលយើងឲ្យឈ្មោះថា “សម័យកាលតេជោសែន” ក៏ថាបាន ហើយភ័ស្ដុតាងទាំងអស់នេះ តើមានពិត ឬទេ? វិស័យនានា ដែលមានតើពិតប្រាកដ ឬទេ? ទាំងវិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា… ន័យចំណុចទី២នេះ គឺសំដៅទៅលើការបង្ហាញនូវសុខដុមភាពនៃសង្គមកម្ពុជា ដោយលទ្ធផលនៃនយោបាយឈ្នះ ឈ្នះ។
ទី៣៖ គោលបំណងដ៏សំខាន់ គឺការចែករំលែក ការផ្តល់នូវការសិក្សាជាទីកន្លែងមួយ ដែលអាចធ្វើជាមជ្ឃមណ្ឌលស្រាវជ្រាវឈ្វេងយល់ និងខិតខំបង្កើតនូវចក្ខុវិស័យ ក្នុងការបន្តស្ថានភាព ដែលមានបែបនេះតទៅអនាគត ដូច្នេះ ដើម្បីចេករំលែក ធ្វើជាមូលដ្ឋានឱ្យកាន់តែងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគ និងក្នុងការចែករំលែកបន្ត គឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និងមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងទីកន្លែងទាំងអស់នេះឱ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញ ឱ្យមានស្ថានភាពដែលកន្ត្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យឌីជីថល ឬសម័យ ដែលត្រូវការពេលវេលាខ្លី សម្រាប់បង្កើនប្រសិទ្ធភាពការងារនេះ។ ដូចនេះ ការរៀបចំភូមិសាស្ដ្រនៅទីនេះ ទោះបីមានទំហំតូចល្មម ប៉ុន្ដែមានទីកន្លែងសម្រាប់បង្ហាញអំពីសុខដុមសង្គម ទីកន្លែង ដែលមានអាគារ និងតម្កល់នូវតឹកតាងពិតប្រាកដ ជាសក្ខីកម្មនៃអ្វីដែលធ្លាប់ប្រើប្រាស់ ធ្លាប់មាន ទាំងរូបភាព និងគំនូរ រូបថត សម្ភារ រហូតដល់គ្រឿងយោធបករណ៍នានា និងមានទីកន្លែងគួបផ្សំទៅដោយធម្មជាតិ ដែលជាអត្តសញ្ញាណ ទាំងដើមឈើ ដើមផ្កា និងការបំបែកឯកត្ដកម្មកម្ពុជាក្នុងពិភពលោក ដូចជា ក្រមាវែងជាងគេ ទូកវែងជាងគេ ការរាំម៉ាឌីស្សុន ច្រើនជាងគេ នំអន្សម ដែលធំជាងគេ។ល៕