ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហែម វណ្ណឌី និងឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន អញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅខេត្តពោធិ៍សាត់

34

 

(ពោធិ៍សាត់)៖ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់ជិត២ដង។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO ATSUSHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងជប៉ុន ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាតនៅក្នុងខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុង Kitakyushu រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋសរុបប្រមាណ៦៥០នាក់។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត។
ឯកឧត្តមបានលើកឡើងថា៖ “នេះជារោងចក្រផលិតទឹកស្អាត ទី៣ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មីជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ ខណៈ យើងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និង រស់រវើករវាងកម្ពុជា និងជប៉ុន ឆ្នាំ២០២៣ក៏បង្ហាញនូវសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ”។

ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត បានឆ្លើយតបទៅនឹងកំណើននៃ តម្រូវការនេះ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួន តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតថ្មីនេះ។

ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប ២.៤០៥ លានយ៉េន (ប្រហែល ២២,២ លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគាររដ្ឋបាលមួយដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តពោធិ៍សាត់ជារួម។

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដែលមានសមត្ថភាពផលិត ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែដោះស្រាយតម្រូវការទឹកស្អាតបន្ទាន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់កម្ពុជាផងដែរ។ ជាមួយនឹងសមិទ្ធផលនេះ ខេត្តពោធិ៍សាត់ក៏នឹងមានលក្ខណៈសម្បត្តិកាន់តែប្រសើរក្នុងការទាក់ទាញការវិនិយោគបន្ថែម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង