ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី គ្រិស្តសករាជ ២០២៤
ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី គ្រិស្តសករាជ ២០២៤ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពល បំពេញនូវព្រះរាជកិច្ច ប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ជាព្រះរាជ វីរគំរូនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីបុព្វហេតុឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រ បានរស់នៅក្នុងសេចក្តីសុខ ក្សេមក្សាន្ត ក្រោមម្លប់នៃ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ” ។ ព្រះរាជបេសកកម្មទាំងនេះ បានរួមចំណែក យ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលទាំងក្នុងនីតិកាលកន្លងមក ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយឈានឡើង។