ព្រមានចាត់វិធានការតាមច្បាប់ ចំពោះក្រុមហ៊ុនសន្ដិសុខឯកជន ដែលនៅតែគឃ្លើនលួចបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុមហ៊ុនសន្ដិសុខណាមួយ ដែលនៅតែគឃ្លើន លួចបើកអាជីវកម្ម ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ តាមផ្លូវច្បាប់កំណត់ ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានថ្លែងថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានណា ដែលគ្មានច្បាប់អនុញ្ញាត នៅតែបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ដោយយោងតាមអនុក្រឹត្យខាងលើ នឹងត្រូវផាកពិន័យ ជាប្រាក់ចំនួន២០លានរៀល ចំពោះក្រុមហ៊ុនសន្ដិសុខឯកជន ដែលមិនបានសុំអនុញ្ញាតច្បាប់ ពីក្រសួងមហាផ្ទៃ និងពិន័យជាប្រាក់១០លានរៀល ចំពោះសហគ្រាសគ្រឹះស្ថានណា ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ពុំបានសុំអនុញ្ញាតច្បាប់ពីសាលារាជធានី-ខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។
លោកបានបន្ថែមថា បណ្ដាក្រុមហ៊ុន និងសហគ្រាសសន្ដិសុខឯកជនទាំងអស់ មុននឹងដំណើរការដាច់ខាត ត្រូវតែសុំគោលការណ៍ និងច្បាប់អនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ ៕