ប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស រ៉ាលីរ៉េដ ២០១៨ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ
ភ្នំពេញ៖ “រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ” នេះគឺជាប្រធានបទនៃការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស រ៉ាលីរ៉េដ ២០១៨ ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្ត កម្ពុជាដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ នៅទីស្តីក្រសួងបរិស្ថានថា ការប្រណាំងរថយន្តក្រោមប្រធានបទ “រួមគ្នាដើម្បី ការពារនិងអភិរក្សធនធានធម្មជាតិនេះ” ធ្វើឡើងដោយឆ្លងកាត់ចំនួន ៣ ខេត្តគឺខេត្តកំពង់ស្ពឺ ដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ នៅក្នុងខេត្តកំពតដែលឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ នេះជាលើកទី១ ដែលក្រសួងបរិស្ថាន បានសហការជាមួយនឹងសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំការប្រណាំងរថយន្តនេះឡើយ។ តាមលោក នេត្រ ភក្ត្រា ការប្រណាំងរថយន្តត្រូវបានរៀបចំ ២ លើករួចមកហើយគឺនៅខែធ្នូ ឆ្នាំ ២០១៧ និងខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ ចំណែកលោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងអ្នករៀបចំកម្មវិធីប្រណាំងរថយន្តរ៉ាលី រ៉េដ ២០១៨ បានថ្លែងឱ្យដឹងថានៅក្នុង ការប្រកួតរយៈពេល ៤ ថ្ងៃនេះនឹងមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិរួមនឹងអ្នកសម្រប សម្រួលកម្មវិធីសរុបទាំងអស់ប្រមាណ ៨០ នាក់ដែលមកពី ៥ ប្រទេសគឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន។ លោក ហូ សិទ្ធីគុណ បានថ្លែងថាការសហការ រៀបចំការប្រណាំងរថយន្ត ជាមួយនឹងក្រសួងបរិស្ថាន មិនមែនដើម្បីការ កម្សាន្ត និងការពង្រឹងលើបច្ចេកទេស នៃការប្រណាំង ដើម្បីឈានទៅចូលរួមប្រណាំងរថយន្តជាលក្ខណៈ អន្តរជាតិផ្សេងៗទៀតតែប៉ុណ្ណោះនោះទេ គឺដើម្បីផ្សាភ្ជាប់ជីវិតរបស់កីឡាករ កីឡាការិនី ទៅនឹងធនធានធម្មជាតិនៅប្រទេសកម្ពុជា។ បើតាមលោក ហូ សិទ្ធីគុណ កម្ពុជាសម្បូណ៌ដោយធនធានធម្មជាតិ ដែលត្រូវបង្ហាញដល់ ពិភពលោកលោកទាំងមូលឱ្យបានដឹង។
ទាក់ទងនឹងការរៀបចំឱ្យមានការប្រណាំងរថយន្ត ឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារប្រយោជន៍ថា ដើម្បីផ្សព្វផ្សាយពីសក្តានុ ពលធនធានធម្មជាតិដែលកម្ពុជាមានឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណជន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្ត ឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។
ដោយបានគូសបញ្ជាក់បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិរួមមានតំបន់ការពារធម្មជាតិចំនួន ៥២ និងរបៀងអភិរក្សជីវៈចម្រុះ ៣ ( ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧.២៣៩.៩២០ ហិកតា ស្ថិតនៅក្រោមការការពារ និងអភិរក្ស របស់ក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះនឹងត្រូវសហការ រៀបចំបន្តទៀតជាមួយសហព័ន្ធកីឡា យានយន្តកម្ពុជាដើម្បីផ្សព្វផ្សាយ ពីតំបន់ការពារធម្មជាតិ របស់កម្ពុជាដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោក ដើម្បីឱ្យពួកគាត់បានដឹងពីភាពសម្បូណ៌ បែបនៃធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេស កម្ពុជា និងរួមគ្នាអភិរក្ស ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕