នំទ្រាំជានំបុរាណខ្មែរ ដែលពលរដ្ឋអ្នកខេត្ដស្វាយរៀង តែងនាំគ្នាធ្វើឡើងក្នុងថ្ងៃសំខាន់ៗ ដូចជាការរៀបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ
ស្វាយរៀង ៖ នំកន្រ្ទាំ ឬនំទ្រាំគឺជានំបុរាណខ្មែរ ដែលជាទូទៅពលរដ្ឋតែងនាំគ្នាធ្វើឡើងក្នុងថ្ងៃសំខាន់ៗដូចជាការរៀបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម ដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារ ឬចែកជូន ញាតិមិត្ត ដែលរស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។
នំបុរាណ ខ្មែរ មួយនេះបើទោះបីជានំគេ និយមធ្វើសម្រាប់ទុក បរិភោគ ជួបជុំគ្រួសារ សម័យមុនក្តី តែបច្ចុប្បន្នគេពុំឃើញមានលក់ច្រើនដូចជានំអន្សមជ្រូក អន្សមចេក នំបត់ នំគមនោះទេ។ ក្នុងចំណោមនំទាំងនេះគេឃើញថា នំកន្រ្ទាំ ជាប្រភេទនំពិបាកធ្វើជាងគេ អ្នកធ្វើត្រូវការអត់ធ្មត់ និង របៀបធ្វើច្រើនតំណាក់។ បើទោះបីយ៉ាងណានំកន្រ្ទាំនៅពេលធ្វើអាចទុកបានយូរ ដែលគេងាយស្រួលផ្ញើជូនសាច់ញាតិ ឬមិត្តភក្តិទុកបរិភោគ។
អ្នកស្រី ម៉ី វន រស់នៅ ខេត្ត ស្វាយរៀង ដែលជាអ្នកធ្លាប់ធ្វើ នំកន្រ្ទាំ លក់បានឱ្យដឹងទាក់ទិនរបៀបធ្វើនំមួយបែបនេះថា ក្នុងចំណោមធ្វើនំខ្មែរបុរាណ នំកន្រ្ទាំត្រូវបានគេចាត់ទុកថាពិបាកធ្វើជាងគេ។ការធ្វើនំប្រភេទនេះដំបូងគេត្រូវយកអង្ករខ្សាយទៅត្រាំមួយថ្ងៃមួយយប់ ហើយយកមកហាលឱ្យស្ងួត។ អ្នកស្រីបន្តថា បន្ទាប់ពីនោះឱ្យយកទៅបុកឬកិន(ឱ្យសល់គ្រាប់អង្ករគ្រើមៗ)។បើបុកដោយដៃត្រូវបុកឱ្យខ្ទេចល្មម”ឬសល់គ្រើមៗហើយយកទៅរែង។ គេរែងយកតែគ្រាប់អង្ករគ្រើមៗឬម៉ត់ល្មម ហើយយកទៅទុកសំដិលឱ្យស្ងួត។ បន្ទាប់ពីនោះគេប្រើស្ករត្នោតមកដាក់លើភ្លើងឱ្យក្លាយជាស្ករតាំងម៉ែ រួចលាយជាមួយកាកដូង(ស្ងួត និង ម៉ត់ល្មម)។ក្រោយពីនោះឱ្យដាក់ម្សៅខាងលើមកកូរវិតលាយជាមួយស្ករនេះរហូតរលាយជាសាច់តែមួយ។ត្រូវប្រើខ្លាញ់ជ្រូកមកកូរចូលឱ្យសព្វបន្ថែម។ត្រូវផ្អាប់ម្សៅលាយនេះចំនួនមួយថ្ងៃបន្ថែមទៀតដើម្បីឱ្យវាឡើងមេ។ អ្នកស្រីនិយាយទៀតថា ក្រោយពីនោះម្សៅនំនឹងឡើងស្អិតរមួត ទើបយកមកដាក់ចៀនរហូតក្រហមស្រួយ និងទុកបរិភោគតែម្តង។
អ្នកស្រី ប៊ុម គួង ដែលកំពុងអង្គុយលក់នំកន្រ្ទាំនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងបានឱ្យដឹងថា នំកន្រ្ទាំជានំពិបាកធ្វើខ្លាំងណាស់ ហើយត្រូវការមនុស្សច្រើនទើបអាចធ្វើនំនេះបានលក់ ឬ ទុកបរិភោគក្នុងក្រុមគ្រួសារបាន។នំប្រភេទនេះពីសម័យដើមឡើងគេធ្វើទុកសម្រាប់ពិធីហែជំនូនថ្ងៃរៀបការ និងពិធីបុណ្យសំខាន់ៗផ្សេងដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជាដើម។
ស្រ្តីវ័យ៦០ឆ្នាំជាងរូបនេះបានឱ្យដឹងថា អ្នកស្រីលក់នំកន្រ្ទាំជាង១០មកនេះឃើញថាមានទីផ្សារល្អ ក្នុងនេះឃើញថាអ្នកមកពីភ្នំពេញច្រើនទិញទៅទុកបរិភោគ។ ថ្ងៃខ្លះអ្នកស្រីអាចលក់បាន១០ទៅ៣០គីឡូក្រាមផងដែរ។
ដោយឡែកអ្នកស្រី ណុប ផល្លី ដែលលក់នាំកន្ទ្រាំនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដូចគ្នាបានឱ្យដែរដឹងថា ក្នុងចំណោមអ្នកស្រីលក់នំបុរាណខ្មែរដូចជា នំកន្រ្ទាំ នំរាជ និងនំខ្លូតឃើញថានំកន្ទ្រាំលក់ដាច់ គេនិយមទិញទៅបរិភោគជាងគេ។ អ្នកស្រីបាននិយាយបន្ថែមថា សម្រាប់តម្លៃមួយគីឡូក្រាម១ម៉ឺនរៀល និង ក្នុងមួយថ្ងៃអាចលក់ចាប់ពី៥ទៅជាង២០គីឡូក្រាម។
សម្រាប់ការលើកឡើងដូចគ្នានេះ អ្នកស្រី តិច ធួន ដែលអង្គុយលក់នំកន្ទ្រាំនៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងក៏បានបញ្ជាក់ថា តាមទំនៀមទម្លាប់ខ្មែរយើង ក្នុងពិធីបុណ្យ ឬ ពិធីសំខាន់ៗតាំងពីបរមបុរាណមក តែងធ្វើនំប្រភេទឆ្ងាញ់ៗ សម្រាប់ចែកញាតិមិត្តបងប្អូនញាំជុំគ្នា យកទៅ វត្ត ប្រគេន ព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតា។ ស្រ្តីវ័យចំណាស់រូបនេះបានឱ្យដឹងបន្ថែមទៀតថា នំខ្មែរមានច្រើន មានទំាងនំសម្រាប់រដូវកាលបុណ្យទាន នំជាអាហារសម្រន់ ឬជាបង្អែម ដូចជានំកន្រ្ទាំនេះក៏គេនិយមធ្វើបរិភោគ និងទិញទុកសម្រាប់ផ្ញើរជូនញាតិបងប្អូន។ អ្នកស្រីអះអាងថា៖ នំកន្រ្ទាំនេះវាមានរសជាតិឈ្ងុយឆ្ងាញ់ រក្សាទុកបានយូរ ហើយបើទោះបីលំបាកធ្វើជាងនំដទៃបន្តិចពិតមែន ហេតុនេះ អ្នកភូមិ តែងមិនភ្លេចធ្វើនំមួយប្រភេទនេះទុកបរិភោគមិនដែលសូវខានឡើយ ៕. សំរិត