សិស្សពូកែទូទាំងរាជធានីជិត៤០០០នាក់ទទួលបានរង្វាន់ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលមានទាំងសំភារៈសិក្សានិងថវិកាមួយចំនួនផង ត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ធ្វើពិធីប្រគល់ជូនសិស្សពូកែទូទាំងរាជធានីភ្នំពេញជិត៤០០០នាក់ ដែលពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា២០១៨នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា នេះជាលើកទី១៨ហើយ ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច
កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តាមរយៈរដ្ឋបាល
រាជធានីភ្នំពេញ ផ្តល់ រង្វាន់លើកទឹកចិត្តដល់សិស្សពូកែទូទាំងរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានបន្តថា កាលពីឆ្នាំសិក្សា
១៩៧៩ _១៩៨០ នៅភ្នំពេញ មានសាលាបឋមសិក្សាចំនួន៤០ និងអនុវិទ្យាល័យចំនួន៣ប៉ុណ្ណោះ ឯវិទ្យាល័យវិញគ្មានទេ ហើយសិស្សមានចំនួនត្រឹមតែ៤២៦១៩នាក់ប៉ុណ្ណោះ។ តែសម្រាប់ឆ្នាំសិក្សា២០១៨_២០១៩នេះវិញនៅភ្នំពេញ មានសាលាបឋមសិក្សាចំនួន១៦៤ មត្តេយ្យសហគមន៍ចំនួន៣៦ អនុឡាល័យនិងវិឡាល័យចំនួន៣០ មានសិស្សានុសិស្សចំនួន៣០ម៉ឺននាក់។ ដោយឡែកសម្រាប់ការប្រលងបាក់ឌុបឆ្នាំ២០១៨នេះវិញ រាជធានីភ្នំពេញរបស់យើងទទួលបានលទ្ធផលល្អប្រសើរណាស់ ពោលគឺមានសិស្សានុសិស្សរបស់យើងប្រលងជាប់រហូតដល់ចំនួន១២៤៩៥នាក់ ក្នុងចំណោមបេក្ខជនចំនួន២២០០៦នាក់ស្មើនឹង៥៦,៧៨ភាគរយ និងទទួលបាននិន្ទេសAចំនួន១៨៣នាក់ និងនិន្ទេសB
ចំនួន៧០៥នាក់។នេះជាមោទនៈភាពរបស់រាជធានីភ្នំពេញយើង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កាលដែលកូន ក្មួយទាំងអស់បានសិក្សារៀនសូត្រស្រួល មិនខ្វល់អ្វីទាំងអស់នេះ គឺដោយសារតែប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ក្រោមការស្វែងរកដ៏លំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា សុខ សន្តិភាពនេះអោយបានល្អបន្ថែមទៀត។
គួរបញ្ជាក់ថា រង្វាន់សិស្សពូកែទូទាំងរាជធានីភ្នំពេញ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែននេះរួមមាន៖ សិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិន្ទេសA
ចំនួន១៨៣នាក់ ក្នុងម្នាក់ៗទទួលបាន កាតាប១ សៀវភៅ១០ក្បាល ប៊ិច២ដើម ថវិកា១៥០០០០រៀល។ សិស្សពូកែទទួលបានមេដាយអន្តរជាតិ ចំនួន៤១នាក់ ក្នុងម្នាក់ៗទទួលបាន កាតាប សៀវភៅ ប៊ិច និងថវិកា ពី១០០០០០រៀលទៅ១៥០០០០រៀល។ សិស្សពូកែរាជធានីជាប់ជ័យលាភីទូទាំងប្រទេស ចំនួន១៤នាក់ ដែលទទួលបាន មេដាយមាស ប្រាក់ សំរិទ្ធ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ពី៨០០០០រៀលទៅ១០០០០០រៀល។ វិញ្ញាបនប័ត្រសិស្សពូកែទូទាំងប្រទេសចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា៧០០០០រៀល។សិស្សពូកែ ទូទៅរាជធានីចំនួន៧២នាក់ ក្នុងម្នាក់ៗទទួលបាន កាតាប សៀវភៅ ប៊ិច និងថវិកា ៦០០០០រៀល។ សិស្សទទួលបានចំណាត់ថ្នាក់លេខ១ ១១៥០នាក់ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ៤០០០០រៀល។ លេខ២ ចំនួន១១៥១នាក់ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ៣០០០០រៀល សិស្សលេខ៣ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ២០០០០រៀល៕