ឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆាបឆេះសិប្បកម្មស្លរស្នោរ អស់ទាំងស្រុង នៅខណ្ឌដង្កោ, នគរបាលប្រើប្រាស់ឡានទឹកជាង១០គ្រឿង
ភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះសិប្បកម្មស្លរស្នោរ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង៤០ម៉ែត្រគូប, រថយន្តជំនួយមកពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប និងរថយន្តរបស់រោងចក្រ ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ (១៨ម៉ែត្រ គុណ ៥០ម៉ែត្រ) បានបណ្តាលឲ្យឆេះឃ្លាំង ទំហំ (២៥ម៉ែត្រ គុណ ២៥ម៉ែត្រ) ចំនួន០១ឃ្លាំង រួមទាំងឆេះរថយន្តបែនចំនួន០១គ្រឿង (ខូចខាត១០%), ម៉ូតូចំនួន០២គ្រឿង, ទូរទឹកកកចំនួន០១គ្រឿង, ស្នោរចំនួន ២៥តោន, ម៉ាស៉ីនស្លរស្នោរចំនួន០១គ្រឿង, ម៉ាស៉ីនកិនស្នោរចំនួន០១គ្រឿង, និងសម្ភារៈមួយចំនួន និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ២២និង១០នាទីថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕





