គ្មានវិធីសាស្ត្រណាមួយ ដែលអាចជម្រះផ្សែងបារីពុល ចេញពីក្នុងអគារ ឬកន្លែងបិទជិតបានឡើយ
ភ្នំពេញ : ផ្អែកតាមការស្រាវជ្រាវរបស់វិទ្យាសាស្រ្ត បានបង្ហាញយ៉ាងច្បាស់ថា គ្មានវិធីសាស្ត្រណាមួយ ដែលអាចជម្រះផ្សែងបារីពុល ចេញពីក្នុងអគារ ឬកន្លែងបិទជិតបានឡើយ។ ដូចនេះ ទើបច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ មិនអនុញ្ញាតឲ្យមាន បន្ទប់សម្រាប់អ្នកជក់បារីទេ លើកលែងតែនៅព្រលានយន្តហោះ។ នេះជាការជួយសម្រាលបន្ទុកដ៏ធំ របស់ម្ចាស់កន្លែងធ្វើការ និងកន្លែងសាធារណៈ កុំឲ្យចំណាយថវិកាឥតប្រយោជន៍ ទៅលើការបង្កើតបន្ទប់ សម្រាប់អ្នកជក់បារី និងជួយការពារសុខភាព របស់ប្រជាពលរដ្ឋ និងម្ចាស់កន្លែង មិនឲ្យស្រូបផ្សែងបារីពីគេ និងជួយគាំពារដល់ការកាត់បន្ថយ ការជក់បារីរបស់អ្នកជក់បារីផងដែរ។
ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ប្រធានបទ ”ការអនុវត្តបរិស្ថានគ្មានផ្សែងបារី” នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា អ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬកន្លែងសាធារណៈ មានតួនាទីយ៉ាងសកម្ម ក្នុងការចូលរួមអនុវត្តបរិស្ថាន គ្មានផ្សែងបារី មានដូចជា ១) បិទសញ្ញាហាមជក់បារីនៅក្នុងទីតាំងរបស់ខ្លួន ២) ប្រមូលចានគោះបារីចោលឲ្យអស់ និង៣) បង្គាប់អ្នកជក់ឲ្យទៅជក់នៅខាងក្រៅទីតាំងរបស់ខ្លួនជាដើម។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ម្ចាស់កន្លែងដែលមិនបានអនុវត្តន៍ តាមចំណុចណាមួយ ក្នុងចំណោមចំណុចទាំងបីនេះ នឹងត្រូវពិន័យ ៥ម៉ឺនរៀល។ ដើម្បីឲ្យការអនុវត្តបរិស្ថាន គ្មានផ្សែងបារីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ ការផាកពិន័យ គឺជាករណីចាំបាច់ ក្នុងការញ៉ាំងឲ្យទាំងអ្នកគ្រប់គ្រង ឬម្ចាស់កន្លែង រួមទាំងអតិថិជនឬប្រជាជន គោរពនិងធ្វើតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព។ ទំហំទឹកប្រាក់នៃការផាកពិន័យ ក្នុងការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី ក្នុងប្រទេសកម្ពុជាយើង មានចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន តែមានសារសំខាន់យ៉ាងធំធេង ក្នុងការជួយការពារអាយុជីវិត និងកាត់បន្ថយចំនួនប្រជាជនកម្ពុជា ដែលបាត់បង់អាយុជីវិត ជាង១ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីពិន័យ ៧៥៨ដុល្លារអាមេរិក ប្រទេសវៀតណាមពិន័យចន្លោះពី ១៣២-២៤១៨ ដុល្លារអាមេរិក ចំពោះម្ចាស់កន្លែង ដែលមិនបានអនុវត្តន៍តាមច្បាប់។
លោកបានបន្ថែមថា គោលបំណង នៃកម្មវិធីប្រកួតនិយាយជាសាធារណៈក្រោមប្រធានបទ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី គឺដើម្បីបំផុសយុវជន ស្វែងយល់ពីអនុក្រឹត្យនេះ និងលើកជាអនុសាសន៍ ដើម្បីឲ្យការអនុវត្តបរិស្ថានគ្មានផ្សែងបារី កាន់តែប្រសើរ។
នេះជាវគ្គផ្តាច់ព្រ័ត្រ យុវជន៥នាក់ នឹងត្រូវប្រកួតសម្ថភាពនិយាយជាសាធារណៈ ទៅលើប្រធានបទ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដើម្បីទទួលបានជ័យលាភី៣នាក់។ ដើម្បីជាសក្ខីភាព ដ៏ដូចជា ចូលរួមស្វែងយល់ ក្រេបយកចំណេះដឹង បទពិសោធន៍ ព្រមទាំងអបអរកម្មវិធីដ៏មានសារប្រយោជន៍នេះ មានយុវជនប្រមាណជា៥០០នាក់ ដែលភាគច្រើនជា និស្សិត មកពីសាលកវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ចូលរួមជាភ្ញៀវកិត្តិយស រួមទាំងការផ្តល់កិត្តិយស ចូលរួមពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី។
ក្នុងឱកាសនោះដែរ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា វេទិកាបរិស្ថានគ្មានបារីនេះ ជាវេទិកាមួយដ៏ល្អដែលអាចផ្សព្វផ្សាយដល់និស្សិត និងមហាជន ប្រជាពលរដ្ឋ និងផ្នែកវិស័យឯកជនដែលប្រកបរបរអាជីវកម្មផ្នែកនៅក្នុងវិស័យទេសចរណ៍ ដែលពួកគាត់ត្រូវដឹងថា បរិស្ថានគ្មានបារីជាបរិបទមួយ ក៏ដូចជាពិភពលោក តំបន់ និងកម្ពុជាផងដែរ បានយកចិត្តទុកដាក់ខ្ពស់នៅលើបញ្ហាផ្សេងបារី។ ហើយបញ្ហានេះ ត្រូវទប់ស្កាប់កុំឲ្យមាន ការបាត់បង់ ឬការស្លាប់ និងខូចខាតដោយបញ្ហាផ្សែងបារីដែលមាននៅក្នុងកម្ពុជាយើងនេះ។ លោកអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវទៅដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាទេសចរណ៍ទាំងអស់ ឲ្យចូលរួមទាំងអស់គ្នា នូវការអនុវត្តបរិស្ថានគ្មានបារី ដែលច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាជក់ បានចេញតាំងពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៥ ដែលម្ចាស់មូលដ្ឋានអាជីវកម្មបានជ្រួតជ្រាប មុននឹងមានការផាកពិន័យ គឺស្នើសូមចូលរួមទាំងអស់គ្នា បិទស្លាកសញ្ញាហាមឃាត់ជក់បារី នៅកន្លែងនៃច្រកចេញចូលដែលគេអាចមើលឃើញ ហើយដាក់តាំងចាកគោះបារី ហើយបើមានភ្ញៀវជក់បារី ត្រូវបានប្រាប់និងជម្រាបគាត់ថានៅកន្លែងនេះមិនអាចជក់បារីបានទេ ហើយតម្រូវឲ្យពួកគាត់ទៅជក់នៅកន្លែងដែលមិនហាមឃាត់។
យុវជនជ័យលាភី ពីក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ប្រធានបទ ”ការអនុវត្តបរិស្ថានគ្មានផ្សែងបារី” បាននិយាយថា នាពេលបច្ចុប្បន្ន យើងគួរតែចាប់អារម្មណ៍ពីបញ្ហាបារី ដែលពីមួយឆ្នាំទៅមួយ អត្រានៃការស្លាប់ និងអ្នកឈឺពីការជក់បារី មានការកើតឡើងគួរឲ្យគត់សម្គាល់ ដូច្នេះក្នុងនាមពួកគាត់ជាយុវជន ត្រូវបានការយល់ពីបញ្ហាបរិស្ថានគ្មានផ្សែងបារី ហើយពួកគាត់ជាកូនសោមួយដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយទៅដល់អ្នកដទៃ៕