ឯកឧត្តម ហែម វណ្ណឌី ជំរុញការលើកកម្ពស់ស្តង់ដារផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត និងបានពិភាក្សាពីតួនាទីសំខាន់នៃស្តង់ដារ និងការកសាងទំនុកចិត្ត ដើម្បីឱ្យផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ភាគីសមាគមបានរាយការណ៍ពីការរីកចម្រើនរបស់ខ្លួន ចាប់តាំងពីការបង្កើតសមាគមក្នុងឆ្នាំ២០១៥ ដែលបច្ចុប្បន្នមានសមាជិកចំនួន៥៣ និងមានទំនាក់ទំនងដៃគូអន្តរជាតិដ៏រឹងមាំ។ សមាគមបានស្នើសុំការគាំទ្រពីក្រសួងលើសកម្មភាពរបស់ខ្លួន ពិសេសការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ដែលគ្រោងធ្វើក្នុងខែមីនា ឆ្នាំ២០២៣។ លោក ឆាយ ស៊ីណាត បានលើកឡើងថា ពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយមិនត្រឹមតែផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាវិស័យដែលមានសក្តានុពលខ្លាំងក្នុងការបង្កើតបន្ថែមតម្លៃ។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរៀបចំវិស័យនេះឱ្យមានលក្ខណៈជាផ្លូវការ និងប្រកាន់ខ្ជាប់នូវស្តង់ដារ ដើម្បីបង្កើនភាពប្រកួតប្រជែងជាសកល។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាគមឱ្យសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា និងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃដើម្បីពង្រីកការនាំចេញ។
ឯកឧត្តមបានគូសបញ្ជាក់ថា ភាពសុទ្ធ គុណភាព និងរង្វាស់រង្វាល់ត្រឹមត្រូវមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តអតិថិជនក្នុងវិស័យនេះ ហើយសមាគមអាចទទួលបានការគាំទ្រពីអ្នកជំនាញបច្ចេកទេសរបស់ក្រសួងលើការងារទាំងនេះ។
ឯកឧត្តមបានជំរុញការលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រឌិត (creative economy) នៅក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ និងបានស្នើឱ្យសមាគមសហការជាមួយកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញជាងទង និងអ្នករចនាគ្រឿងអលង្ការ និងត្បូងមានតម្លៃ។
ឯកឧត្តមក៏បានណែនាំសមាគមឱ្យពង្រឹងទំនាក់ទំនងជាមួយសមភាគីឥណ្ឌា ដើម្បីទាញយកអត្ថប្រយោជន៍ពីឧត្តមភាពរបស់ឥណ្ឌាក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ៕