រាជរដ្ឋាភិបាលចំណាយថវិកា ជាង៣០លានដុល្លារ ដើម្បីបញ្ចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចតេជោ បានប្រកាសដាក់ចេញនូវការបញ្ចុះតម្លៃប្រេង នៅក្នុងប្រទេសកម្ពុជា ដែលកន្លងទៅ រាជរដ្ឋាភិបាល បានចំណាយថវិកា ប្រមាណជិត ៨៣លានដុល្លារ ដោយស្ងាត់ស្ងៀម ដើម្បីរក្សាស្ថិរភាពតម្លៃប្រេង ឲ្យនៅចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលនេះ គឺរាជរដ្ឋា ភិបាលចំណាយថវិកា ប្រមាណជាង៣០លានដុល្លារ ដើម្បីបញ្ចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ គឺរដ្ឋចូលរួម (២សេន) ហើយវិស័យឯកជន នឹងចូលរួម ២សេនទៀត ដែលសរុប គឺ ៤សេន (១៦០៛) ដែលការបញ្ចុះតម្លៃនេះ (៤សេនក្នុង១លីត្រ) នឹងចុះជាផ្លូវការនៅថ្ងៃទី១ កក្កដា ២០១៨។ ក្រសួងពាណិជ្ជកម្ម ពិនិត្យតាមដាន និងអនុវត្តនូវការបញ្ចុះតម្លៃនេះ ឲ្យបានត្រឹមត្រូវម៉ត់ចត់ចាប់ពី ទី១ ខែកក្កដា ឆ្នាំ២០១៨ តទៅ ។
សម្តេចតេជោ ស្នើឲ្យក្រសួងពាណិជ្ជកម្ម តាមដានឲ្យដិតដល់លើតម្លៃប្រេងនេះ និងស្នើដល់ក្រុមហ៊ុន ចែកចាយប្រេងនានា គិតគូរឲ្យបានម៉ត់ចត់ លើការលក់ប្រេងរបស់របស់ខ្លួន។ ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនប្រេងនោះ បានទិញប្រេង មកស្តុកទុកពេលតម្លៃប្រេង នៅទាប ហើយលក់មិនទាន់អស់ មិនគួរដំឡើងថ្លៃភ្លាមៗនោះទេ នៅពេលតម្លៃប្រេង លើពិភពលោកឡើងថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមគ្នារវាងរដ្ឋ និងឯកជន លើតម្លៃប្រេងនាពេលនេះ គឺដើម្បីដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋ លើបញ្ហាតម្លៃប្រេងនេះ។ សម្តេចតេជោ ថ្លែងថា តម្លៃប្រេងនេះ មិនមែនកម្ពុជា ជាអ្នកដំឡើងទេ ប៉ុន្តែអង្គការប្រទេស នាំចេញប្រេង OPEC ជាអ្នកកំណត់ថ្លៃ៕