ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីន នៅកម្ពុជា

127

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នាស្ថានទូតចិនប្រចាំកម្ពុជា ។

ក្នុងកិច្ចពិភាក្សានោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់គាំទ្រ និងចូលរួមដល់កិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះរួមទាំងការរួមចំណែកផ្នែកមនុស្សធម៌ដល់សកម្មភាពមីន ទាំងថវិកា សម្ភារ បច្ចេកទេស និងការកសាងសមត្ថភាពជាតិ ជាដើម។ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមានការរួមចំណែកពីប្រទេសចិន ប្រទេសជាមិត្តដទៃទៀត និងដៃគូអភិវឌ្ឍន៍ កម្ពុជា បានដាក់ផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដីធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ព្រមទាំងទទួលបានជោគជ័យតាមផែនការ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតចិនថា ទោះបីកម្ពុជានៅតែបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់ នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀត។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលភាពជោគជ័យរបស់កម្ពុជានេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាភាពជោគជ័យរបស់ពិភពលោកទាំងមូលលើកិច្ចការសកម្មភាពមីន៕

អត្ថបទដែលជាប់ទាក់ទង