ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

38

 

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោយពេលមានអ្នកប្រកបមុខរបរដឹកភ្ញៀវបានប្រមូលផ្តុំគ្នាតវ៉ា
ចំពោះការបង់លុយផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្រោមការងារចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតីក្នុងការបង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះអង្គប្រជុំបានសម្រេចនឹងចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនាពេលខាងមុខ។

បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ។

សូមរំលឹកថា ក្រុមអ្នករត់តាក់ស៊ី ឬអ្នកដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវដែលក្រុមហ៊ុនបានធ្វើដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។ ក្រុមអ្នករត់តាក់ស៊ី ស្នើឱ្យក្រុមហ៊ុនលុបការយកសេវានេះ ដែលជាបន្ទុកបន្ថែមសម្រាប់អ្នករកស៊ីដឹកភ្ញៀវ ព្រោះថា ក្រុមហ៊ុនបានយកថ្លៃចំណតឡាននៅក្នុងព្រលានរួចទៅហើយ។

អ្នកប្រកបមុខរបរដឹកភ្ញៀវបានប្រមូលផ្តុំគ្នាតវ៉ា
ចំពោះការបង់លុយផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។ ឡានស្តារិចចេញចូលត្រូវបង់ថ្លៃផ្លូវអស់៦ដុល្លា ឯឡានតូចនិងកង់បីត្រូវបង់៣ដុល្លាហើយថ្លៃចំណត កន្លះម៉ោងឬតិចជាងកន្លះម៉ោង ៤០០០រៀល។ ផ្លូវចូលព្រលានយន្តហោះសៀមរាបថ្មីជាផ្លូវធម្មតា មិនមែនជាផ្លូវល្បឿនលឿននោះទេ។ បើរដ្ឋាភិបាលមិនដោះស្រាយទេ កម្ពុជានឹងបាត់ភ្ញៀវទេសចរអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង