លោក ឃួង ស្រេង៖ ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហា សង្គម និងសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ និងចែករង្វាន់ សិស្សពូកែរាជធានីភ្នំពេញ ស្ថិតនៅអនុវិទ្យាល័យចតុមុខ ក្នុងសង្កាតជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយនៅរាល់បញ្ហា សង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រគួតប្រជែងរបស់ ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសិលធម៌ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ ទៅកាន់សិស្សានុសិស្ស នាឱកាស បើកបវេសនកាលនេះថា “ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយនៅរាល់បញ្ហា សង្គមនិងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រគួតប្រជែងរបស់ ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសិលធម៌ ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារពលកម្មផងដែរ និងដើម្បីជម្រុញ ឲ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ កម្មវិធីកំណែទម្រង់ ស៊ីជម្រៅ ក្នុងបរិបទ ទំនើប ក្នុងវិស័យបច្ចេកវិទ្យា ដែលឈរលើ មូលដ្ឋាននៃចំណេះដឹង គុណភាពនៃការអប់រំ គឺជាគន្លឺះសម្រាប់ដោះស្រាយ រាល់បញ្ហាប្រឈមនានា ទាំងក្នុងអភិបាលរកិច្ច” ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការ អភិវឌ្ឍន៍សហគម និងក្រុមគ្រួសារ ហើយសហគម គ្រួសារសាលារៀន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងចំណោម តួអង្គស្នូលនារាយ៍ ក្នុងការកសាងធនធានមនុស្ស ព្រោះការអប់រំ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិរបស់យើង យ៉ាងណាមិច ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាងវៃ និងគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុង យកចិត្តទុកដាក់ខ្ពស់ លើវិស័យអប់រំ ដែលជាវិស័យអទិភាពមួយ ដ៏សំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ព្រមទាំងអភិវឌ្ឍន៍ វិស័យដទៃទៀត” ។
លោក ឃួង ស្រេង ក៏បានរំលឹក នូវរឿងរាវប្រវត្តិសាស្ត្រថា “ក្រោយថ្ងៃរំដោះ សម្តេច តេជោ ហ៊ុន សែន បានគិតគូ អទិភាពធំ តាំងពីពេលនោះមក គឺបញ្ហាបណ្តុះបណ្តាល ធនធានមនុស្សចាប់ពីពេលនោះមក ។ ឆ្នាំ១៩៧៩-១៩៨០ យើងក៏មានបើកបវេសនកាល នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីប្រមូលសិស្សានុសិស្ស ដែលសល់ ពីកាកាប់សម្លាប់ ឲ្យចូលរៀន ហើយនៅពេលនោះ ការចូលរៀន តាមរយៈ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់បច្ចុប្បន្ននេះ ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជាយើង ក្លាយទៅជាប្រទេសមួយ ដែលមានធនធានមនុស្សសំបូរបែប មានថ្នាក់បណ្ឌិត មានថ្នាក់មហាបរិញ្ញា បរិញ្ញា អនុបណ្ឌិតសព្វបែបយ៉ាង” ។
លោក ឃួង ស្រេង បានបន្តថា “ក្រោមដំបូលសុខសន្តិភាព ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបានចូលរៀន ដោយមិនមានការភិតភ័យ អំពីសង្គ្រាម ចំណុចនេះ ជាចំណុចសំខាន់ ដែលអនុញ្ញាតិអោយខ្ញុំបាទ បានរំលឹកឡើងវិញ ជូនដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ថា រយៈពេល ៤០ឆ្នាំមកហើយ ដែលសម្តេចតេជោ បានយកជីវិតទៅប្តូរ នូវការសង្គ្រោះ ជីដូនជីតា ឪពុកម្តាយ ក្មួយៗ ហើយរួមដំណើរ ជាមួយឪពុកម្តាយក្មួយ សម្តេចបានដឹកនាំប្រទេសជាតិ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យក្មួយៗមានឱកាស ក្រេបជញ្ជក់ យកចំណេះដឹង សព្វបែបយ៉ាង ទៅតាមឧបនិស្ស័យពីធម្មជាតិ របស់ក្មួយៗ” ។
គួរឲ្យដឹងថា ការប្រារព្ធពិធីនាថ្ងៃនេះ គឺជាលើកទី១៨ ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញ ពីការយកចិត្តទុកដាក់ មកលើវិស័យអប់រំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ ជារៀងរាល់ឆ្នាំ ជួយឧបត្ថម្ភគាំទ្រ ជាថិវិកា និងសម្ភារៈសម្រាប់លើកទឹកចិត្ត និងសំណេះសំណាលផ្ទាល់ ផ្តល់ឱវាទ ដល់គណៈនាយក គ្រប់គ្រងគ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឲ្យខិតខំបង្រៀន និងរៀន ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈសិក្សា របស់ម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូន ដល់សិស្សានុសិស្ស ជាពិសេស សិស្សពូកែ ប្រចាំរាជធានីភ្នំពេញ ប្រចាំប្រទេស ក៏ដូចជាសិស្សពូកែ ថ្នាក់អន្តរជាតិផងដែរ៕