រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ខែមករាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីណែនាំលេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការ បញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖
១- សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រឹតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
២- ត្រូវញែកសំរាម សំណល់រឹង ជា ០២ ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា៖
សំរាមសើម សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ។ល។ ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ សំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប ។ល។ ត្រូវដាក់ ក្នុងថង់ពណ៌ស។
៣- ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយ នឹងសំរាមសើម និងសំរាមស្ងួត។
៤- ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។
៥- ក្រុមតម្រូវ៖ មានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។
៦- ក្រុមលើកទឹកចិត្ត៖ មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន… អាចមាន ០២ ប្រភេទ៖ ទី១ មានធុងសំរាមខ្លួនឯងស្រាប់ និងទី២ ធុងសំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។
៧- ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ (ទីតាំងទុកដាក់ សំរាមនឹងត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង)។
៨- ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្ដូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុត សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។
៩- កម្មវិធីបញ្ចេញសំរាម សំណល់រឹង៖
ខណ្ឌកណ្ដាលរាជធានី ចំនួន ០៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង៩ ដល់ ម៉ោង៥ ទៀបភ្លឺ។ ដូច្នេះ ម៉ោងបញ្ចេញសំរាមមាន ៣ ម៉ោង គឺម៉ោង៦-៩យប់។ បញ្ចេញសំរាមខុសពី ម៉ោងនេះ នឹងទទួលការផាកពិន័យ។
ខណ្ឌជាយរាជធានី ចំនួន ០៩ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ដូចខាងក្រោម៖
• ផ្លូវជាតិ ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់ ដូចច្នេះ ការបញ្ចេញ សំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង ៦យប់ រហូតដល់ម៉ោង ៩យប់
• ផ្លូវធំ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃ វេលាម៉ោង ៨ ព្រឹក ឬ ពេលយប់វេលាម៉ោង៩) • ផ្លូវរណប ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃ/១ម្តង (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬពេលយប់ វេលាម៉ោង ៩)
បញ្ជាក់៖ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ ប្រមូលតាមការជាក់ស្តែង។
សំរាម សំណល់រឹងស្ងួត៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ២ដង/១សប្តាហ៍ គឺនៅរៀងរាល់ ថ្ងៃចន្ទ និងថ្ងៃសុក្រ។
១០- ក្នុងករណីខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ (ពេលថ្ងៃត្រឹមម៉ោង ៨ ព្រឹក និងពេលយប់ ត្រឹមម៉ោង ៩ យប់) ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនោះមកទុក គ្មានសណ្តាប់ធ្នាប់ឡើយ។
ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ និង សៀវភៅផ្នត់ណែនាំការអនុវត្តបន្ថែមតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់លេខសំគាល់អតិថិជន ID (មានក្នុងវិក្កយបតអគ្គិសនី) ដើម្បីបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ប្រចាំខែនីមួយៗយ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជរទូទាត់នៅធនាគារ អេស៊ីលីដា, ហត្ថ, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Prince Bank,
Phillip Bank, BIC Bank, BRED Bank, MAYBank, PPCBank, LOLC, Shinhan Bank, CHIP MONG, US,
ប្រាសាក់, អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash, Tang Kung Pay, លីហួរវេរលុយ ឬ PiPay។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក សហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំខាងលើ ក៏ប៉ុន្តែ នៅមាន មួយចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។
ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្ដីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្តីពីទោសបញ្ញត្តិន អំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្ម ជាបណ្តោះអាសន្នតាមការចាំបាច់។
អាស្រ័យហេតុនេះ សូមម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕