ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋនៅតំបន់៣ នៃបឹងទន្លេសាប អាចអាស្រ័យផលជាបណ្តោះអាសន្ន

58

 

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ដឹកនាំក្រុមការងារ ចុះទៅកាន់ស្រុកកំពង់លែង ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយ ស.ជ.ណ របស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងស្រុកមួយចំនួន ធ្លាប់អាស្រ័យផលក្នុងដីតំបន់៣ អាចអាស្រ័យផលក្នុងដីតំបន់៣នេះ បានមួយរដូវជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖

*អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងដីតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្ដោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដាឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំ ស្រុក និងខេត្ត។

*បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែងនៅក្នុងដីតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខនិងដំណើរវិវត្តន៍របស់សង្គមជាតិ។

*គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ដោយមានកិច្ច សហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីតំបន់៣ព្រៃលិចទឹកនៃតំបន់ទន្លេសាប។

ពាក់ព័ន្ធករណីខាងលើនេះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ភ្នាក់ងារព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា ការប្រជុំផ្សព្វផ្សាយ ស.ជ.ណ របស់រាជរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែមករានេះ ក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំង គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមទាំងប្រជាពលរដ្ឋជាង១០០នាក់ មកពី៩ឃុំ។

លោកអភិបាលស្រុក បានបញ្ជាក់ថា យោងតាមខ្លឹមសារក្នុង ស.ជ.ណ របស់រាជរដ្ឋាភិបាលខាងលើនេះ គឺបានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដែលធ្លាប់បានអាស្រ័យផលនៅក្នុងដីតំបន់៣កន្លងមក អាចអាស្រ័យផលបានមួយរដូវ ដោយចាប់គិតខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីប្រមូលផលរួចក្រុមការងារអន្តរក្រសួង និងចុះមកពិនិត្យដីតំបន់៣ ជាក់ស្ដែងដើម្បីកំណត់ព្រំប្រទល់ដីតំបន់៣ ឱ្យបានច្បាស់លាស់។

លោក យ៉ែម លក្ខិណា បានបន្តថា ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលក្នុងដីតំបន់៣ មួយរដូវជាបណ្ដោះអាសន្ន អាជ្ញាធរស្រុកក៏ត្រូវតែមានវិធានការឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាទីបំផុត ពាក់ព័ន្ធនឹងគ្រឿងចក្រដែលចូលភ្ជួររាស់ក្នុងដីតំបន់៣ ពិសេសគឺត្រាក់ទ័រ លោកចាំបាច់ត្រូវតែបំពាក់ប្រព័ន្ធ GPS ដើម្បីតាមដាននូវរាល់សកម្មភាពនៃការឈូសឆាយភ្ជួររាស់របស់ប្រជាពលរដ្ឋ ដោយត្រូវកំណត់ និងបែងចែកឱ្យបានច្បាស់លាស់រវាងដីស្រែ និងដីព្រៃលិចទឹក គឺធ្វើយ៉ាងណាចៀសវាងការឈូសឆាយប៉ះពាល់ដីតំបន់៣ ជាដីព្រៃលិចទឹករបស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង