ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោះស្រាយពាក្យស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជន ចំនួន ១៩ ស្ថានីយ៍ នៅទូទាំងខេត្តកំពង់ធំ

25

ភ្នំពេញ៖

រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជន ចំនួន ១៩ ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ នៅសាលប្រជុំ ៥០១ ទីស្តីការក្រសួងអធិការកិច្ច។

សូមបញ្ជាក់ថា ក្រោយទទួលបានពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ក្រសួងអធិការកិច្ចបានមានចំណាត់ការជាបន្ទាន់ទៅលើករណីនេះ ដោយបានបង្កើតគណៈប្រតិភូធ្វើការចុះអង្កេតស្រាវជ្រាវ ចំពោះភាពមិនប្រក្រតីអំពីការគ្រប់គ្រងស្ថានីយបូមទឹកព្រះស្នែង និងព្រះគន្លង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្តារប្រឡាយទឹកទាំងពីរនេះ ដែលស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបជូនថា យោងព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំ ប្រឡាយព្រះស្នែង និងព្រះគន្លង ជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុងដំណាក់កាលអនុវត្តបទបញ្ជារបស់សម្តេចតេជោ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កន្លងមក ជាដំណោះស្រាយរបស់ក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្ត ធ្លាប់បានឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអ្នកដាក់ម៉ាស៊ីនបូមទឹក រីឯប្រជាកសិករជាអ្នកចេញប្រេង។ ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ និងលិខិតលេខ ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លោក ហង់ សុគន្ធ បានដាក់លិខិតមករដ្ឋបាលខេត្ត ស្នើសុំចូលទៅគ្រប់គ្រងស្ថានីយបូមទឹកព្រះស្នែង ព្រះគន្លង និងសុំចុះគ្រឿងចក្រដើម្បីស្តារប្រឡាយទាំងពីរនេះ ក្រោយរដ្ឋបាលខេត្តប្រជុំដោះស្រាយជាច្រើនលើក គឺមិនអនុញ្ញាតឱ្យ លោក ហង់ សុគន្ធ ចូលទៅគ្រប់គ្រង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលដី និងស្តារប្រឡាយទឹកទាំងពីរនេះទេ។ នេះបើយើងតាមការបញ្ជាក់បឋមរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលក្រសួងអធិការកិច្ចទទួលបាន។

បន្ទាប់ពីទទួលបានព័ត៌មានបឋមពាក់ព័ន្ធនានា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូចុះធ្វើការអង្កេតស្រាវជ្រាវករណីនេះ ដើម្បីស្រាវជ្រាវស្វែងរកការពិតផ្តល់យុត្តិធម៌ជូនគូភាគី និងដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាកសិករដែលអាស្រ័យផល និងត្រូវការទឹកដើម្បីបង្ករបង្កើនផល ធ្វើស្រែចំការរបស់ពួកគាត់ សំដៅចូលរួមលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង