ឯកឧត្តមស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សំដៅផ្តល់ដំណោះស្រាយសមស្រប ជូនបងប្អូនប្រជាពលរដ្ឋ
សៀមរាប៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ច ដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត បានអញ្ជើញដឹកនាំក្រុមការងាររួមមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អភិបាលរងខេត្តសៀមរាប និងបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារចំពោះកិច្ច និងដោយមានការទទួលស្វាគមន៍ពីលោកអគ្គនាយករងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ចុះពិនិត្យទីតាំងផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីការចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន AIAI ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយ៕