ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញពីបរិយាកាស និងឱកាសវិនិយោគនៅកម្ពុជា ដល់រោងចក្រខ្នាតធំនៅកូរ៉េ
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើង បេសកម្មរបស់លោក ក្រៅពីកិច្ចការងារផ្នែកនយោបាយការទូត លោកក៏បានធ្វើបទបង្ហាញ ដល់រោងចក្រខ្នាតធំលំដាប់អន្តរជាតិរបស់កូរ៉េ អំពីបរិយាកាស និងឱកាសវិនិយោគនៅកម្ពុជា ធ្វើយ៉ាងណាឲ្យភាគីទាំងពីរកម្ពុជា-កូរ៉េ ទទួលបានផលប្រយោជន៍រួមគ្នាពីការធ្វើជំនួញនេះ ។
ការលើកឡើងបែបនេះរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើឡើងតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ក្រៅពីកិច្ចការងារនយោបាយការទូត យើងខ្ញុំបានទៅធ្វើបទបង្ហាញពីបរិយាកាស និងឱកាសវិនិយោគនៅកម្ពុជា នៅរោងចក្រខ្នាតធំ លំដាប់អន្តរជាតិរបស់កូរ៉េ GMB នាក្រុងឆាងវ៉ុន ភាគខាងត្បូងក្បែរប៊ូសាន ដែលជាក្រុមហ៊ុនមួយ ផលិតគ្រឿងបង្គុំរថយន្តច្រើនប្រភេទ ដើម្បីឲ្យក្រុមហ៊ុន បានស្វែងយល់ឲ្យច្បាស់ ពីបទដ្ឋានវិនិយោគនានា ដែលរាជរដ្ឋាភិបាលយើង បានបង្កលក្ខណ:ងាយស្រួល ផ្តល់ជូនវិនិយោគិនបរទេស”។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ផងដែរថា “រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការអនុគ្រោះពន្ធនានា ព្រមទាំងសម្របសម្រួលផ្លូវច្បាប់ផ្សេងៗ ដើម្បីលើកទឹកចិត្ត ដល់អ្នកវិនិយោគ ផ្នែករោងចក្រផលិតគ្រឿងបង្គុំ Spare part នេះជាច្រើន ក្នុងកាល:ទេស:បច្ចុប្បន្ន ជាពិសេសនៅពេលកម្ពុជា ស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ក្រុមហ៊ុនកូរ៉េ ក៏ដូចជាកម្ពុជាផងដែរ”៕