ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេង វិឆ័យជួបជាមួយអ្នកប្រដាល់ម៉ាឡេស៊ី

139

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាហេង វិឆ័យក្លិបអេភូថងកីឡាត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ម៉ាឡេស៊ីម៉ាជីត ហូសេន(Majid Hossein)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៣វិច្ឆិកា ។

​អាចនិយាយបានថានេះជាលើកដំបូងហើយដែលមាន អ្នកប្រដាល់ម៉ាឡេស៊ីមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍ ។មិនដឹងថាអ្នកប្រដាល់ដែលហ្វឹកហាត់ នៅស្រុកថៃរូបនេះខ្លាំងឬខ្សោយនោះទេ តែអ្នកប្រដាល់រូបនេះបង្ហាញខ្លួនដោយមានស្ពាយខ្សែក្រវាត់ទៀតផង ។

​វិឆ័យជាអ្នកប្រដាល់ជើងចាស់មួយរូបដែលប្រជាជនកម្ពុជា ស្ទើរតែភ្លេចមុខបាត់ទៅហើយ ដោយសារតែគេកើនទម្ងន់ខ្លាំងមិនសូវមានឱកាស បានឡើងសង្វៀនប្រកួតហើយគេដុះក្បាលពោះទៀតផង ។ តាមពិតអតីតកាលរបស់
អ្នកប្រដាល់រូបនេះមិនអន់ទេ គេមានទេពកោសល្យប្រើជង្គង់ កែង ទាត់បានល្អរហ័សហើយធ្ងន់ទៀតផង ។

​អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥១ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។ចំពោះអ្នកប្រដាល់ម៉ាឡេស៊ីម៉ាជីត ហូសេនវិញគេមានប្រវត្តិប្រកួត២១ដង ឈ្នះ១៧ដង ចាញ់៣ដង និងស្មើពិន្ទុ១ ដង ។តើ
នរណាឈ្នះក្នុងការប្រកួតនេះ ?

​ថុល មករាក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ដៃដែន ភីឈីត(Den Phichhit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​មករាជាអ្នកប្រដាល់ដែលវ៉ៃល្អជាមួយអ្នកប្រដាល់បរទេស តែបើវ៉ៃជាមួយអ្នកប្រដាល់រួមជាតិឯងគេវ៉ៃមិនល្អ
ឡើយព្រោះនរណាក៏ដឹងដែរថា អ្នកប្រដាល់រូបនេះខ្សោយជើងក្រោមដែរ ។ មួយរយៈនេះមករាហាក់ដូចជាបាត់មុខពីសង្វៀនប្រដាល់យូរ ។គេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៥៨ដង ចាញ់១៩ដង និងស្មើពិន្ទុ២ដង ។

​ចំពោះដែន ភីឈីតគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ដោយមានឈ្នះមានចាញ់ជាធម្មតា ។គេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧២ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។នេះជាលើកដំបូងហើយដែល អ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នានរណាឈ្នះ-នរណាចាញ់ ?

អត្ថបទដែលជាប់ទាក់ទង