ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើងខ្ពស់ ក្នុងរយៈពេល១សប្តាហ៍ ក្នុងខែមករា ឆ្នាំ២០២៤នេះ

24

ភ្នំពេញ៖ តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤ ដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី៥ ទៅ១០ ដុល្លារ ក្នុង ១ តោន អាស្រ័យទៅតាមប្រភេទអង្ករ ខណៈឆ្នាំ២០២៣ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ ២១ ភាគរយ ដោយសារ មានការព្រួយបារម្ភអំពីអាកាសធាតុ និងការកាត់បន្ថយការនាំចេញអង្ករ ស របស់ឥណ្ឌា។
យោងតាម តារាងតម្លៃអង្ករដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅថ្ងៃទី១១ មករា ឆ្នាំ២០២៤នេះថា ៖ តម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែ គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ គឺអង្ករម្លិះអង្គរឬអង្ករផ្កាម្លិះJasmine(Malys Angkor) មានតម្លៃហក់ឡើងដល់ ៩៣៥ ដុល្លារក្នុង ១ តោន និង អង្ករសែនក្រអូប Fragrant Rice (SKO) មានតម្លៃ ៨៤៥ ដុល្លារក្នុង ១ តោន។ អង្ករទាំង ពីរប្រភេទនេះ មានតម្លៃកើនឡើងចំនួន៥ ដុល្លារ ក្នុង១ តោន បើធៀប នឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៣។
សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងទៀតថា អង្ករចំហុយ ឬហៅថា Parboiled Rice មានតម្លៃ ៧៩០ ដុល្លារក្នុង១តោន និង អង្ករ ស បាយរឹង ឬហៅថា White Rice (Hard Texture) មានតម្លៃ ៧៩០ ដុល្លារក្នុង១តោន ដែលអង្ករទាំងពីរប្រភេទនេះ មានតម្លៃហក់ឡើងចំនួន ១០ ដុល្លារក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ ដោយឡែក អង្ករសែនក្រអូប Fragrant Rice  (SRO) មានតម្លៃ ៧៩០ ដុល្លារក្នុង ១ តោន និងអង្ករ ស បាយទន់ (Soft Texture) មានតម្លៃ ៧៨០ ដុល្លារក្នុង ១ តោន ដោយអង្ករទាំងពីរប្រភេទនេះ មានតម្លៃធ្លាក់ចំនួន ១០ ដុល្លារក្នុង ១ តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។
បើទោះជា តម្លៃអង្ករទាំងពីរប្រភេទនេះធ្លាក់ចុះបន្តិចនៅក្នុងខែមករា ឆ្នាំ ២០២៤នេះ ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ បើធៀបនឹងខែសីហា ឆ្នាំ ២០២៣ ដែលមានតម្លៃជា មធ្យម ៧០០ ដុល្លារក្នុង ១ តោនប៉ុណ្ណោះ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថ្ងៃនេះថា  ដោយសារតម្លៃអង្ករបន្តកើនឡើងជាវិជ្ជមាន បាននាំឱ្យប្រាក់ចំណូលពីការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ កើនរហូតដល់ ១៣ ភាគរយ ខណៈបរិមាណនៃការនាំចេញអង្ករកើនត្រឹម ៣ ភាគរយ ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា ៖ «ដោយសារកត្តាដែលកើន ឡើងទី១ តម្លៃវារៀងឡើងថ្លៃជាងឆ្នាំមុន បរិមាណវាកើនតិចក៏ប៉ុន្តែតម្លៃលក់បានថ្លៃជាងមុនឆ្នាំមុន អីចឹងបានធ្វើឱ្យឃើញកំណើនបរិមាណតិចល្មម ក៏ប៉ុន្តែកំណើនជាទឹកប្រាក់វាច្រើនជាងមុន»។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហ ប្រជាជាតិ (FAO) បានឱ្យដឹងថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនឡើងដល់ ២១ ភាគរយ ក្នុងឆ្នាំ ២០២៣ ពីព្រោះ ការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូទធម្មជាតិ El Niño លើផលិតកម្មស្រូវ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។
នៅក្នុងខែធ្នូ ឆ្នាំ២០២៣សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បង្ហាញថា កើនឡើង ១,៦ ភាគរយ លើសពីខែ វិច្ឆិកា ដោយការកើនឡើងនេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ី ព្រមទាំង ការធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញ ក៏ដូចជា ការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា និងការធ្លាក់ចុះនៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម។
កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុប ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣។ ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ ភាគរយ និងទឹកប្រាក់មានកំណើន ១៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា៕.ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង