ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យកសិកម្មកម្ពុជា មានសក្តានុពលយ៉ាងធំធេង ប្រសិនបើយើងធ្វើការអភិវឌ្ឍ ឬនវានុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស

145


ភ្នំពេញ៖ នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម បានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា មានសក្តានុពលយ៉ាងធំធេង ប្រសិនបើយើងធ្វើការអភិវឌ្ឍ ឬនវានុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស រួមផ្សំនឹងកំណែលម្អលើចំណុចខ្វះខាតមួយចំនួនទៀត ហើយលោកសង្ឃឹមនិងជឿជាក់ថា កសិផលកម្ពុជា នឹងមានដាក់តាំងលក់ នៅលើទីផ្សារអន្តរជាតិ យ៉ាងច្រើន នាពេលអនាគតយ៉ាងខ្លី។

នៅរសៀលថ្ងៃទី១វិច្ឆិកា នៅទីស្តីការ ក្រសួង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម និងសហការីចូលជួបសម្តែងការគួរសម រាយការណ៍អំពីលទ្ធផលដែលទទួលបានពីសិក្ខាសាលា និងពិភាក្សាការងារសំខាន់ៗមួយចំនួន ទាក់ទងនឹងគម្រោងរបស់អង្គការ FAO ដែលបាននិងកំពុងអនុវត្ត និងគម្រោងផ្សេងៗទៀតដែលអង្គការនេះ គ្រោងនឹងជួយដល់វិស័យកសិកម្មកម្ពុជានាពេលអនាគត។

លោករដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានបំពេញតួនាទីជាតូអង្គយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសលើគម្រោងនានា ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។ តាមរយៈលោក Masahiro Igarashi លោករដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា អង្គកា FAO នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសផ្តោតទៅលើវិស័យកសិកម្មដើម្បីធ្វើទំនើបកម្ម និងនវានុវត្តន៍ឲ្យបានល្អប្រសើរគ្រប់អនុវិស័យ ជាបន្តបន្ទាប់ ព្រោះថាវិស័យនេះគឺជាចលករដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបាននូវចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

នាឱកាសនេះ លោក Masahiro Igarashi បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកបានថ្លែងថា អង្គការ FAO នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងទីផ្សារ និងការកាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការធ្វើការបែងចែកចំណូល ដែលបានមកពីកំណើនសេដ្ឋកិច្ចជាតិ។ ម៉្យាងវិញទៀត យើងត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឲ្យសហគមន៍កសិកម្ម ដែលកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមជនបទកម្ពុជា តាមរយៈការប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានប្រយោជន៍យ៉ាងសមរម្យ ពីគោលនយោបាលអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយអភិវឌ្ឍរបស់អង្គការ FAO ផងដែរ។ លោកបានសម្តែងនូវសុច្ឆន្ទៈយ៉ាងប្រាកដថា វិស័យកសិកម្មកម្ពុជា មានសក្តានុពលយ៉ាងធំធេង ប្រសិនបើយើងធ្វើការអភិវឌ្ឍ ឬនវានុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស រួមផ្សំនឹងកំណែលម្អលើចំណុចខ្វះខាតមួយចំនួនទៀត លោកសង្ឃឹមនិងជឿជាក់ថាកសិផលកម្ពុជា នឹងមានដាក់តាំងលក់នៅលើទីផ្សារអន្តរជាតិ យ៉ាងច្រើន នាពេលអនាគតយ៉ាងខ្លី។ ម៉្យាងវិញទៀត យើងគួរជួយជំរុញបន្ថែម លើការងារបណ្តុះបណ្តាលបច្ចេកទេស ដល់កសិករនៅជនបទ ធ្វើយ៉ាងនេះ គឺអាចជួយជំរុញនិងលើកទឹកចិត្ត ឲ្យពួកគាត់ឲ្យទទួលយកបច្ចេកទេសថ្មីៗ ទៅអនុវត្តន៍​ ដើម្បីបង្កើនផលិតភាពផលិតកម្ម សមស្របតាមកំណើនសមាជិកក្នុងគ្រួសារ ការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារ ដោយផ្អែកទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យត្រឹមត្រូវ ជាពិសេសគឺជួយកាត់បន្ថយការពឹងផ្អែងទាំងស្រុង ទៅលើធនធានធម្មជាតិ (ផល អនុផលព្រៃឈើ សត្វ និងមច្ចជាតិ)។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលទទួលបានពីសិក្ខាសាលា ហើយនឹងបន្តគាំទ្រលើការអនុវត្ត គម្រោងរបស់អង្គការ FAO ឲ្យសម្រេចបានជោគជ័យ ដូចការរំពឹងទុក។ តាមរយៈ លោក Masahiro Igarashi លោករដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា អង្គការនេះនឹងធ្វើការពិនិត្យពិចារណា ផ្តល់ថវិកា ដើម្បីជួយលើផ្នែកគុណភាព និងសុវត្ថិភាព កសិផលកម្ពុជា សមស្របតាមត្រូវការទីផ្សារអន្តរជាតិ ដោយរួមសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង