តួកគី និងកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូស្ថានទូតតួរគី ដឹកនាំដោយលោកជំទាវឯកអគ្គរដ្ឋទូត Ulku Kocaefe និងបានពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។
កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរដែលបានចុះរួចហើយ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេសទាក់ទងនឹងស្តង់ដារនីយកម្ម និងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម។ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយទៀតស្តីពីការវាយតម្លៃទទួលស្គាល់ហាលឡាល់ (Halal Accreditation) ក៏នឹងត្រូវចុះនាពេលខាងមុខផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងពីការរីកចម្រើនយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-តួរគី ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៥៦% ក្នុងឆ្នាំ២០២៣។ លោកជំទាវបានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនងនេះថាបានចាប់ពីការបង្កើតស្ថានទូតតួរគីនៅកម្ពុជាក្នុងឆ្នាំ ២០១៣ ការបង្កើតស្ថានទូតកម្ពុជានៅទីក្រុងអង់ការ៉ា និងជំរុញដោយដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួរគី នៅឆ្នាំ២០១៨ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគី និង ពាណិជ្ជកម្មកាន់តែមានសន្ទុះខ្លាំង។
លោកជំទាវក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់តួរគីចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាការផ្តល់អាហារូបករណ៍ ការបង្កើតមជ្ឈមណ្ឌលវប្បធម៌តួរគី និងការបើកស្ថានតំណាងពាណិជ្ជកម្មតួរគីនៅក្រុងភ្នំពេញនាពេលថ្មីៗនេះ ជាដើម។ លោកជំទាវបានជំរុញឱ្យមានការធ្វើទស្សនកិច្ចសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់តួរគី ដោយសារសក្តានុពលដ៏សំខាន់របស់សួនទាំងនេះសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។
ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាយតម្លៃទទួលស្គាល់ Halal ដោយបញ្ជាក់ថា តួរគីមានជំនាញស្តង់ដារ Halal និងសុវត្ថិភាពចំណីអាហារ ព្រមទាំង គូសបញ្ជាក់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះក្នុងការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងការលើកកម្ពស់ពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើនេះ និងបានជំរុញឱ្យមានការចុះហត្ថលេខា និងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានឆាប់។ ដោយកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសតួរគីសម្រាប់និស្សិតកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ឯកឧត្តមបានស្នើតួរគីឱ្យផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីផ្លាស់ប្តូរសម្រាប់មន្ត្រីរដ្ឋាភិបាលបន្ថែមទៀត។
ឯកឧត្តមបានជំរុញឱ្យភាគីទាំងសងខាងអនុវត្ដអនុស្សរណៈទាំងនេះឱ្យកាន់តែមានប្រសិទ្ធិភាព និងបានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអ្នកវិនិយោគតួរគី។ ឯកឧត្តមបានលើកឡើងពីកំណែទម្រង់ដែលកំពុងត្រូវបានអនុវត្តនៅក្នុងងក្រសួង រួមទាំងការពង្រឹងសេវាមន្ទីរពិសោធន៍ និងសេវាគាំទ្រនានា ព្រមទាំងបង្ហាញថាកម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញ សម្រាប់ទាំងទីផ្សារអាស៊ាន និងទីផ្សារក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមានភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្ថានតំណាងពាណិជ្ជកម្មតួរគី សហការជាមួយសហគ្រិនខ្មែរ ដើម្បីកំណត់រកសហគ្រាសធុនតូច និងមធ្យមសំខាន់ៗ ជាដៃគូសក្តានុពលសម្រាប់វិនិយោគិនតួរគី ដែលនឹងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងតួកគី៕