ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ប្រមូលទិញកៅស៊ូគ្រួសារកម្ពុជា និងម្រេច

173


ភ្នំពេញ៖ លោករដ្ឋមន្ត្រីកសិកម្ម បានស្នើដល់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិនិត្យពិចារណាគាំទ្រប្រមូលទិញ ផលិតផលជ័រកៅស៊ូ និងម្រេច ជាពិសេសពីកៅស៊ូគ្រួសារកម្ពុជា ហើយជាការឆ្លើយតបនោះ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នឹងអនុវត្តប្រមូលទិញជ័រកៅស៊ូគ្រួសារកម្ពុជា ក្នុងតម្លៃសមស្រប ឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាជួយកាត់បន្ថយ បញ្ហាប្រឈម ដែលកៅស៊ូគ្រួសារកម្ពុជា កំពុងតែជួបប្រទះ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Truong Minh Trung នាយករងនៃសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម VRG និងសហការី ចូលសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងវិនិយោគ ដាំដុះដំណាំកៅស៊ូនៅកម្ពុជា កាលពីរសៀលថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោក Trung បានធ្វើការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម។ ចំពោះគម្រោងវិនិយោគរបស់ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅកម្ពុជាវិញ គឺបច្ចុប្បន្នសម្ព័ន្ធ បានធ្វើការដាំដុះដំណាំកៅស៊ូបានជាង ១០ម៉ឺនហិកតា ដោយក្នុងនោះ បានស្រូបយកកម្លាំងពលកម្មជាង ២ម៉ឺននាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរជាទីមោទនៈនោះគឺ ទីផ្សារអន្តរជាតិ បានធ្វើការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះគុណភាពនៃជ័រកៅស៊ូ ដែលបានដាំដុះនៅលើទឹកដីកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាសមិទ្ធផលនានា ដែលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម សម្រេចបានកន្លងមក។ ទន្ទឹមនឹងនេះ ដោយសង្កេតឃើញពីបញ្ហាប្រឈម ដូចជាការធ្លាក់ចុះនៃតម្លៃ និងទីផ្សារនៃផលិតផលជ័រកៅស៊ូ និងម្រេចកម្ពុជា លោករដ្ឋមន្ត្រីកសិកម្ម បានស្នើដល់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិនិត្យពិចារណាគាំទ្រប្រមូលទិញ ផលិតផលជ័រកៅស៊ូ និងម្រេច ជាពិសេសពីកៅស៊ូគ្រួសារកម្ពុជា ក្នុងតម្លៃសមស្របដើម្បីធ្វើការកែច្នៃ និងនាំចេញ។

ជាការឆ្លើយតបទៅនឹងសំណើររបស់លោករដ្ឋមន្ត្រី លោក Trung បានបញ្ជាក់ផងដែរថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នឹងអនុវត្តប្រមូលទិញជ័រកៅស៊ូគ្រួសារកម្ពុជា ក្នុងតម្លៃសមស្រប ឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាជួយកាត់បន្ថយ បញ្ហាប្រឈម ដែលកៅស៊ូគ្រួសារកម្ពុជា កំពុងតែជួបប្រទះ ដើម្បីស្តារ និងអភិវឌ្ឍន៍វិស័យកៅស៊ូកម្ពុជា ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង