មនុស្សមានសតិមិនគ្រប់ ដុតសម្លៀកបំពាក់ បណ្តាលឲ្យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌ៧មករា , សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលជាខ្លាំង ត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ១៩ ជាន់ទី១ ផ្លូវលេខ១៨២ ភូមិ៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខទូរស័ព្ទ 666 ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចេញជួយសង្គ្រោះ។ ភ្លាមៗនោះ ក្រោយពីទទួលបានទូរស័ព្ទពីបងប្អញនប្រជាពលរដ្ឋរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញរបស់យើងបានទៅដល់ទីតាំងកើតហេតុ និងបានធ្វើការជួយសង្គ្រោះអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់។ ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានប្រើប្រាស់រថយន្តពន្លត់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយទីតាំងខាងលើជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) និងធ្វើឲ្យខូចខាតសម្ភារៈឆេះបន្ទប់ដាក់សម្ភារៈជាន់ទី១ ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមទាំងសម្ភារៈអស់មួយចំនួន ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តទៀតថា ចំពោះមូលហេតុដែលបណ្តាលឲ្យមានករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតសម្លៀកបំពាក់បង្កជាអគ្គិភ័យ (មនុស្សមានសតិមិនគ្រប់)។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ គឺមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ៕