វិនិយោគិនកូរ៉េ ចាប់អារម្មណ៍កម្ពុជា សម្រាប់ការផលិតទូរទស្សន៍ និងអេក្រង់ LED
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចកូរ៉េ ដឹកនាំដោយលោក Chang Young Lim នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SandWell PetroGas Co., Ltd. នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាអំពីចំណាប់អារម្មណ៍របស់វិនិយោគិនកូរ៉េ ក្នុងការបង្កើតខ្សែច្រវាក់ផលិតកម្មសម្រាប់ទូរទស្សន៍ និងអេក្រង់ LED នៅក្នុងប្រទេសកម្ពុជា។
លោក Chang Young Lim បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃការនាំចូលគ្រឿងបន្លាស់ (Semi Knocked Down Parts) សម្រាប់ផ្គុំដំឡើង ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ាកយីហោល្បីៗ ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារកម្ពុជា ហើយដំណាក់កាលបន្ទាប់ អាចបង្កើតម៉ាកយីហោក្នុងស្រុកផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជា និងកូរ៉េមានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា។ កូរ៉េបានបង្កើតគំរូជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ ដែលកម្ពុជាអាចរៀនសូត្រ ហើយកម្ពុជាស្វាគមន៍វិនិយោគិនកូរ៉េ។ ឯកឧត្តមបានបញ្ជាក់ជំហរគាំទ្រធុរកិច្ច និងគាំទ្រការវិនិយោគរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងបានលើកទឹកចិត្តគណៈប្រតិភូឱ្យស្វែងយល់ពីលទ្ធភាពនៃការបង្កើតខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេស។
ឯកឧត្តមបានជម្រាបជូនពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិថ្មីៗជាច្រើនកន្លែង ផ្លូវល្បឿនលឿន ផ្លូវជាតិ និងកំពង់ផែទឹកជ្រៅ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអគ្គិសនី រួមជាមួយនឹងបរិយាកាសនយោបាយប្រកបដោយស្ថិរភាព និងទំនាក់ទំនងវិស័យការងារល្អប្រសើរ ដែលជាកត្តាអំណោយផលសម្រាប់ការវិនិយោគ។
ឆ្លើយតបនឹងកង្វល់អំពីកម្លាំងពលកម្មជំនាញ ឯកឧត្តមបានជម្រាបជូនអំពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងបញ្ជាក់ថាកម្ពុជាបានបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលអាចសហការគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលិករបស់វិស័យឯកជន។
ឯកឧត្តមក៏បានលើកទឹកចិត្តគណៈប្រតិភូឱ្យពិចារណាលើការផលិតវត្ថុធាតុដើមក្នុងស្រុក ដែលស្របតាម គោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ពង្រឹងភាពគ្រប់គ្រាន់ដោយខ្លួនឯង និងរួមចំណែកកាន់តែប្រសើរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕