បុគ្គលិកសណ្ដាប់ធ្នាប់អាជ្ញាធរអប្សរា ប្រើអំពើហិង្សាលើកុមារ, ត្រូវដាក់វិន័យរដ្ឋបាល ចុះកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ហិង្សា និងត្រូវសុំទោសឪពុកម្តាយនិងកុមាររងគ្រោះដោយផ្ទាល់
សៀមរាប ៖ អាជ្ញាធរអប្សរាចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងវីដេអូបង្ហាញពីការធ្វើអំពើហិង្សាលើកុមារដោយដាក់វិន័យរដ្ឋបាល ចុះកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ហិង្សានិងត្រូវសុំទោសឪពុកម្តាយនិងកុមាររងគ្រោះដោយផ្ទាល់។
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖
១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរ ជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន នានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
២- ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសាជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ៕