កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
ភ្នំពេញ៖ កម្ពុជាបានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា ក្រៅពីរៀបចំពិធីជូនដំណើរដល់កងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ចំនួន៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង។
បើតាមសេចក្តីប្រកាសព័ត៌មាន នាយឧត្តមសេនីយ៍ ឈុំ សុជាតបានបញ្ជាក់ថា កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្តិភាព អាណត្តិ១ឆ្នាំរបស់ខ្លួន នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល៕