បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨ . ២០១៩នៅវិទ្យាល័យហ៊ុន សែនចាក់អង្រែ
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅវិទ្យាល័យហ៊ុន សែនចាក់អង្រែបានបើកបវេសនកាលថ្មី២០១៨-២០១៩ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាតំណាងលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យ និង លោកចៅសង្កាត់ មន្រ្តីសាលា ខណ្ឌមានជ័យ សាលាសង្កាត់ យុវជន .ស.ស.យ.ក.តាមបណ្ដាសង្កាត់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ផងដែរ។ហើយលោកអភិបាលរងឡុង ង៉ែតក៏បាននាំយកនូវថវិកាចំនួន១ លានរៀលដែលជាថវិការបស់លោក អភិបាលខណ្ឌមានជ័យនិងភរិយាជួយឧបត្ថម្ភដល់វិទ្យាល័យផងដែរ។
ស្ថិតក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរគណៈអធិបតីក៏បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងក្បោះក្បាយជូន ដល់អង្គពិធីទាំងមូលបានស្ដាប់យល់ដឹងគ្រប់ៗគ្នា ព្រមទាំងមានប្រសាសន៍សំណេះសំណាល ជាមួយសិស្សានុសិស្ស និងផ្ដល់នូវអនុសាសន៍ និងដំបូន្មានល្អៗ ដល់ក្មួយៗជាសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្លាយខ្លួនជាសិស្សពូកែ សិស្សល្អ កូនល្អដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ហើយត្រូវនាំគ្នាគោរពវិន័យ សាលានិងខិតខំត្រងត្រាប់ស្ដាប់ការណែនាំពន្យល់ បង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ ដើម្បីក្រេបយកចំណេះដឹងល្អៗ ព្រោះវិស័យអប់រំ គឺជាវិស័យអទិភាពដូចនេះ ស្នើរដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ត្រូវ តែខិតខំសិក្សារៀនសូត្រដើម្បីជា ទំពាំងស្នងឫស្សីនិងជាសរសរទ្រូងនៃប្រទេសជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យក៏ បានស្នើរដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ពោលគឺការប្រើប្រាស់គ្រឿងញៀន នាំអោយខូចសុខភាព និងខូចអនាគតយើងផងដែរ៕